ចិន យកយន្តហោះចម្បាំង J-16 ទៅធ្វើសមយុទ្ធនៅអាហ្វ្រិកលើកដំបូង

ប៉េកាំង ៖ កងយន្តហោះចម្បាំងឈានមុខគេ នៃកងទ័ពអាកាសចិន បានចុះចតនៅប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២១ ខែសីហា ដើម្បីចូលរួមសមយុទ្ធយោធាឈុតធំរួមគ្នា ដែលមានឈ្មោះថា «Eagles of Civilization 2026» ។

បើតាម China Daily, នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយសារតែមហាយក្សចិនបានបញ្ជូនយន្តហោះចម្បាំងធុនធ្ងន់ប្រភេទ J-16 មកកាន់ទ្វីបអាហ្វ្រិកជាលើកដំបូងបំផុត ។

នៅតាមផ្លូវឆ្ពោះទៅកាន់ប្រទេសអេហ្ស៊ីប យន្តហោះចាក់ប្រេងតាមអាកាស YY-20A បានធ្វើការចាក់សាំងតាមអាកាសដល់យន្តហោះចម្បាំង J-16 ខណៈពួកវាព្យាយាមជម្នះបញ្ហាប្រឈមនានា ក្នុងនោះរួមមានការហោះហើរផ្លូវឆ្ងាយ និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ។

សេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសចិន អោយដឹងថា កងយន្តហោះចម្បាំងចិនបានហោះហើរឆ្លងកាត់ទ្វីបចំនួន២ និងប្រទេសចំនួន៤ ក្នុងចម្ងាយផ្លូវជាង ៦,០០០ គីឡូម៉ែត្រ ដោយប្រើពេលជិត ៩ ម៉ោងប៉ុណ្ណោះ ។

សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា ការដាក់ពង្រាយកងយន្តហោះចម្បាំងឆ្លងដែននេះ បានបង្ហាញពីសមត្ថភាពរបស់កងទ័ពអាកាសចិន ក្នុងការបញ្ជូនកងទ័ព និងយន្តហោះចម្បាំងទៅកាន់សមរភូមិចម្ងាយឆ្ងាយ ជាពិសេសការពង្រាយកងកម្លាំងរហ័ស និងប្រតិបត្តិការប្រយុទ្ធឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ ។

ល្បែងសង្គ្រាម “Eagles of Civilization 2026” នេះ គឺជាព្រឹត្តិការណ៍ហាត់ហ្វឹកហ្វឺនរួមគ្នាជាលើកទីពីររវាងកងទ័ពអាកាសប្រទេសទាំងពីរ ។ ហើយក្រៅពីយន្តហោះចម្បាំង J-16 កងទ័ពអាកាសចិនក៏បានបញ្ជូនយន្តហោះគាំទ្របេសកកម្មប្រយុទ្ធ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងទៀតផងដែរ ។

ផ្អែកតាម Global Times, ការបញ្ចេញសាច់ដុំយោធារវាងចិន និងអេហ្ស៊ីប ត្រូវបានរំពឹងថា នឹងដំណើរការក្នុងរយៈពេល ២ទៅ៣សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ដើមខែកញ្ញាខាងមុខ ៕

ប្រភព ៖ China Daily និង Global Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner