អ៊ីស្រាអែល គំរាមបាញ់ផ្លោងគ្រាប់យ៉ាងសន្ធាប់ចូលហ្គាហ្សា ឆ្លើយតបនឹងការបង្ហោះខ្លែងរបស់កុមារ
ហ្គាហ្សា ៖ «ប្រសិនបើជាខ្លែងរបស់កុមារនៅហ្គាហ្សា ហោះធ្លាក់ចូលក្នុងតំបន់តាំងទីលំនៅ អ៊ីស្រាអែល មិនត្រូវបានបញ្ឈប់ទេនោះ កងទ័ពអ៊ីស្រាអែលនឹងបើកការវាយប្រហារយ៉ាងខ្លាំងក្លា ទៅលើតំបន់ដែលខ្លែងទាំងនោះត្រូវបានបង្ហោះចេញ និង ធ្វើការបណ្តេញប្រជាជនចេញដោយបង្ខំទៀងផង»។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យ លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។
បើតាម anadolu, ការប្រកាសគំរាមនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Benjamin Netanyahu បានដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពីការគំរាមកំហែងបង្កឡើងដោយខ្លែង ដែលត្រូវបានបង្ហោះចេញពីតំបន់ Gaza ហើយធ្លាក់ចូលទៅក្នុងតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែល រួមទាំង ការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើក និង ការបង្ហោះប៉េងប៉ោង ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនានាបានរាយការណ៍ថា ខ្លែងដែលត្រូវបានបង្ហោះដោយកុមារ Gaza បង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនអ៊ីស្រាអែល នៅក្នុងតំបន់នោះ។
ការណ៍នេះ នាំឲ្យរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yisrael Katz បានណែនាំឱ្យកងទ័ពចាត់វិធានការយ៉ាងតឹងរ៉ឹងលើបញ្ហានេះ បើទោះបីជា ទាហានរបស់ខ្លួនប្រចាំការនៅទីនោះបានប្រកាសថា គ្មានអ្វីគួរឱ្យសង្ស័យ អំពីខ្លែងទាំងនោះ ក៏ដោយ។
ឆ្លើយតបនឹងការគំរាមបាញ់ផ្លោងគ្រាប់យ៉ាងសន្ធាប់ចូលតំបន់ហ្គាហ្សា ព្រោះតែសកម្មភាពរបស់កុមារបែបនេះ, អ្នកនាំពាក្យក្រុម Hamas លោក Hazem Qassem បានថ្លែងថា ការគំរាមកំហែងរបស់អ៊ីស្រាអែលពាក់ព័ន្ធនឹងខ្លែងទាំងនោះ គឺជាលេសដែលត្រូវបានបង្កើតឡើងដើម្បីបន្តការវាយប្រហារប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន រួមទាំង កុមារផងដែរ។
លោក Hazem Qassem បានអំពាវនាវដល់សហរដ្ឋអាមេរិក, ភាគីសម្របសម្រួល, ប្រទេសធានា និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យដាក់សម្ពាធលើអ៊ីស្រាអែលដើម្បីបញ្ឈប់ការវាយប្រហារប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន និងបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបំផ្លាញកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលភាគីប៉ាឡេស្ទីនបានប្តេជ្ញាអនុវត្ត៕
ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត
