លោក Trump ថា សេដ្ឋកិច្ច អ៊ីរ៉ង់ កំពុងដួលរលំ មុនទណ្ឌកម្មធំបំផុតមកដល់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ ចន្ទ ប្រកាសថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់កំពុង “ដួលរលំ” ទាំងស្រុង មុនពេលកញ្ចប់ទណ្ឌកម្មដ៏ធំបំផុតមិនធ្លាប់មានរបស់សហរដ្ឋអាមេរិកមកដល់ ។
មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ច្បាស់ៗតាមបណ្តាញសង្គម Truth Social ថា សេដ្ឋកិច្ចអ៊ីរ៉ង់កំពុងដួលរលំទាំងស្រុងហើយ ខណៈការអះអាងនេះ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលសហរដ្ឋអាមេរិកចាប់ផ្តើមបញ្ចេញកញ្ចប់ទណ្ឌកម្មដ៏ធំបំផុតមិនធ្លាប់មានប្រឆាំងនឹងអ៊ីរ៉ង់ គឺ “economic D-Day” ។
បើតាម AFP, រដ្ឋមន្ត្រីរតនាគារអាមេរិក លោក Scott Bessent ថែមទាំងបានបោះសម្តីព្រមានធ្ងន់ៗថា ប្រទេសណាក៏ដោយ ដែលហ៊ានបន្តជួយជ្រោមជ្រែងដល់សាធារណរដ្ឋឥស្លាមមួយនេះ នឹងក្លាយជារដ្ឋដែលត្រូវបានគេកាត់ចេញពីសហគមន៍អន្តរជាតិ ។
បន្ថែមលើនេះ លោក Bessent ក៏បានអះអាងតាមបណ្តាញសង្គម X ដែរថា ក្រៅពីចាប់ផ្តើមកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចខ្នាតយក្ស សហរដ្ឋអាមេរិកក៏បានកម្ទេចសមត្ថភាពយោធារបស់អ៊ីរ៉ង់ និងបំផ្លាញរោងចក្រយោធារបស់ពួកគេជិត ១០០ ភាគរយផងដែរ ជាពិសេសយោធាអាមេរិកក៏បានកប់ក្នុងក្តាមមឈូសនូវកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទាំងស្រុងផងដែរ ។
យ៉ាងណាមិញ ភាគីអ៊ីរ៉ង់បានសើចចំអកចំពោះការអះអាងនេះ ដោយនិយាយថា វិធានការចុងក្រោយបង្អស់របស់អាមេរិក គឺជាការទទួលស្គាល់នូវបរាជ័យផ្នែកយោធាក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ហើយបានគំរាមប្រឆាំងនឹងប្រទេសទាំងឡាយណា ដែលហ៊ានលូកដៃជួយជ្រោមជ្រែងដល់ទីក្រុងវ៉ាស៊ីនតោន ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
