អភិបាលរងខេត្តសៀមរាប អនុញ្ញាតឲ្យគណៈប្រតិភូកាកបាទក្រហមកូរ៉េ ជួបសម្តែងការគួរសម
នៅរសៀលថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០១៩ លោក លី សំរឹទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូកាកបាទក្រហមកូរ៉េ នៅស្រុកជុងជូ រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយ លោកស្រី Kim Young Sok ចូលជួបសម្តែងការគួរសម នៅសាលាខេត្តសៀមរាប។
នាឱកាសនេះដែរ លោកស្រី Kim Young Sok បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តសៀមរាប ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ។ លោកស្រីបានគូសបញ្ជាក់ពីគោលបំណងនៃដំណើរបំពេញបេសកកម្មជាមនុស្សធម៌នេះ គឺដើមី្បធ្វើការចែករំលែកបទពិសោធន៍ល្អៗ សម្រាប់អនុវត្តន៍ការងារមនុស្សធម៌ តាមស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និង វប្បធម៌ ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ដល់ជនរងគ្រោះ និងជនងាយរងគ្រោះទាំងឡាយ។
លោកស្រីក៏បានឲ្យដឹងផងដែរថា ដំណើរមកកាន់ខេត្តសៀមរាបរបស់គណៈប្រតិភូ គឺដើម្បីរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរឲ្យកាន់តែមានភាពរឹងមាំថែមទៀត។ ម៉្យាងទៀត គណៈប្រតិភូក៏បានមកនូវអំណោយជាសម្ភារសិក្សា ឱសថព្យាបាលមួយចំនួន ក្នុងទឹកប្រាក់២៤ពាន់ដុល្លារ ប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្ត និងសាលារៀនមួយចំនួននៅតាមតំបន់ដាច់ស្រយាល ក្នុងខេត្តសៀមរាប ។ លោកស្រីបានបន្តទៀតថា សកម្មភាពមនុស្សធម៌នេះ ប្រតិភូកាកបាទក្រហមកូរ៉េ បានធ្វើឡើង ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះនៅកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក លី សំរឹទ្ធ ក្នុងនាមឯកឧត្តមអភិបាលខេត្ត បានសម្តែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់ប្រតិភូកាកបាទក្រហមកូរ៉េ ចំពោះប្រជាពលរដ្ឋកម្ពុជា នៅខេត្តសៀមរាប ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ លោកក៏បានលើពីជីវប្រវត្តិនៃកិច្ចទំនាក់ទំនងនឹងគ្នា រវាងសាធារណរដ្ឋ កូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តែងតែជួយគ្នាទៅវិញទៅមកនាពេលកន្លងមក។ លោក លី សំរឹទ្ធ បានលើកផងដែរ អំពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការនឹងគ្នា សំខាន់ខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងទទួលបាននូវសមទ្ធិផលជាច្រើនផងដែរ។
លោកបានបន្តទៀតថា ក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌នេះ គឺធ្វើឲ្យប្រទេសយើងទាំងពីរ កាន់តែមានភាពរឹងមាំថែមទៀត។ ក្នុងនោះដែរ លោកអភិបាលរងខេត្ត បានសំណូមពរដល់គណៈប្រតិភូកាកបាទក្រហមកូរ៉េ បន្តនូវវប្បធម៌ចែករំលែកនៃបេសកកម្មមនុស្សធម៌ នៅតាមសាលារៀន និង ប្រជាជនតាមបណ្តាភូមិ ស្រុកនៅខេត្តសៀមរាប។ កាយវិការដ៏សប្បុរសធម៌នេះ ក៏ដូចជាការលើកស្ទួយនៃចំណងមិត្តភាពប្រទេសយើងទាំងពីរ កាន់តែនៅជិតគ្នាជាទីបំផុត និងយូរអង្វែងតទៅអនាគត ។
គួររម្លឹកថា ក្នុងជំនួបនោះដែរ គណៈប្រតិភូក៏បានធ្វើការប្រគល់នូវឱសថសម្លាប់សត្វល្អិត រួមទាំងឱសថព្យាបាលមួយចំនួនដល់សាលាខេត្តសៀមរាបផងដែរ៕ធ.ដ
ដោយៈ ម៉ី សុខារិទ្ធ