លោក ត្រាំ ទូរស័ព្ទទៅបណ្តាមេដឹកនាំបរទេស ឱ្យឈប់ទាក់ទងអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅទូរស័ព្ទទៅកាន់បណ្តាមេដឹកនាំបរទេសនានា ទាមទារឱ្យប្រទេសទាំងនោះ កាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ចេញផ្សាយដោយ Tass នៅថ្ងៃអង្គារនេះ។
លោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងទាក់ទងទៅកាន់មេដឹកនាំពិភពលោក ជាមួយនឹងសំណើជាក់លាក់ឱ្យបញ្ឈប់ការទាក់ទងជាមួយអ៊ីរ៉ង់ ប៉ុន្តែ លោកបានបដិសេធមិនបញ្ចេញឈ្មោះអ្នកដែលបានទទួលការហៅទូរស័ព្ទពីសហរដ្ឋអាមេរិកនោះទេ។
លោក Bessent រៀបរាប់ថា «យើងនឹងមិនបញ្ចេញឈ្មោះនោះទេ។ យើងបានឃើញលទ្ធផលខ្លះៗរួចហើយ ហើយខ្ញុំជឿជាក់ថា ប្រធានាធិបតី ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយ គឺជាបុគ្គលដែលមានសមត្ថភាពបញ្ចុះបញ្ចូលបានយ៉ាងល្អ»។
លោកបានបន្ថែមថា «យើងកំពុងបន្តតាមដានការហៅទូរស័ព្ទរបស់គាត់ តាមរយៈការចុះទៅជួបផ្ទាល់ និង ការហៅទូរស័ព្ទពីក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក ដើម្បីជម្រាបប្រាប់មេដឹកនាំ ប្រទេស និងស្ថាប័ននានាឱ្យបានច្បាស់លាស់អំពីអ្វីដែលយើងរំពឹងទុក និង ពេលវេលាកំណត់នានា»។
លោក Scott Bessent បានបន្ថែមទៀតថា «ហើយខ្ញុំរំពឹងថា ក្នុងពេលឆាប់ៗនេះ ប្រសិនបើពួកគេមិនឆ្លើយតបទេនោះ លោកអ្នកនឹងឃើញពីផលវិបាកនៃការសម្រេចចិត្តរបស់ពួកគេ»៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
