អាជ្ញាធរខេត្តព្រះវិហារ អន្តរាគមន៍ដេញហ្វូងដំរីព្រៃ ៦ក្បាល ចេញពីភូមិឋានក្រោយជាន់ពលរដ្ឋ២នាក់ឱ្យរងរបួស
ព្រះវិហារ៖អាជ្ញាធរខេត្តព្រះវិហារបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីកៀងនិងដេញហ្វូងដំរីព្រៃចំនួន ៦ក្បាល ឱ្យត្រឡប់ចូលព្រៃវិញ ក្រោយពីពួកវាបានចូលមកលុកលុយភូមិឋានប្រជាពលរដ្ឋដោយបំផ្លាញផលដំណាំ និងបានជាន់ប្រជាពលរដ្ឋចំនួន ២នាក់ ឱ្យរងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅភូមិពោធិ៍ខៀន ឃុំពោធិ ស្រុកត្បែងមានជ័យ ដោយហ្វូងដំរីព្រៃបានចាកចេញពីតំបន់ព្រៃព្រះរកា ចូលមករុករានផ្ទះសម្បែង និងបំផ្លាញខ្ទមចាំចម្ការរបស់អ្នកភូមិធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច។
លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យបានឱ្យដឹងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ថា ហ្វូងដំរីព្រៃទាំងនោះបានចូលមករុករានផ្ទះសម្បែង បំផ្លាញខ្ទម និងផលដំណាំរបស់កសិករតាំងពីអំឡុងថ្ងៃទី១៥សីហា២០២៦ នោះមកម៉្លេះ។ ដើមហេតុដែលដំរីព្រៃចេញពីព្រៃធម្មជាតិ អាចបណ្តាលមកពីការកង្វះចំណីក្នុងព្រៃ ទើបពួកវាដើរស្វែងរកចំណីរហូតវង្វេងចូលមកដល់ភូមិឋាន។
ដើម្បីដោះស្រាយស្ថានការណ៍នេះ អាជ្ញាធរខេត្ត និងស្រុកបានដាក់ចេញវិធានការចម្រុះ ដោយបានរៀបចំពិធីសែនព្រេនតាមទំនៀមទម្លាប់ស្រុកភូមិ ព្រមទាំងដាក់ពង្រាយកម្លាំងចម្រុះប្រមាណ ៤០នាក់ ចុះជួយអន្តរាគមន៍ដេញហ្វូងដំរីឱ្យចូលព្រៃដើមវិញដោយសុវត្ថិភាព។
ដោយឡែកចំពោះប្រជាពលរដ្ឋ ២នាក់ ដែលរងរបួស ត្រូវបានអាជ្ញាធរញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕










ដោយ៖ឡុង សំបូរ,ម៉ាដេប៉ូ