សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបើកច្រកព្រំដែនថ្មីៗបន្ថែមជាមួយវៀតណាម និងឡាវ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យសិក្សាលទ្ធភាពក្នុងការបើកច្រកព្រំដែនថ្មីបន្ថែមជាមួយប្រទេសវៀតណាម និងឡាវ ដែលជាយុទ្ធសាស្រ្តក្នុងការពង្រឹង និងពង្រីកវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីពង្រីកការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងដូច្នេះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នាឱកាសសម្ដេចអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិ និងកំណាត់ផ្លូវខេត្តចំនួន៣ ក្នុងភូមិសាស្រ្តត្បូងឃ្មុំ និងខេត្តក្រចេះ។
ទាក់ទងនឹងការលើកឡើងរបស់សម្ដេចធិបតី ,ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជាយល់ឃើញថា ខណៈថ្លៃដឹកជញ្ជូនតាមផ្លូវទឹកកើនឡើង ដោយសារសង្រ្គាមនៅមជ្ឈឹមបូព៌ា ការបើកច្រកព្រំដែនថ្មីបន្ថែមជាមួយប្រទេសវៀតណាម និងឡាវ គឺជាជម្រើសល្អសម្រាប់កម្ពុជា។ លោកបញ្ជាក់ថា ជម្រើសថ្មីនេះ មិនមែនសម្រាប់តែពង្រឹង និងពង្រីកវិស័យដឹកជញ្ជូន និងឡូជីស្ទីកកម្ពុជាប៉ុណ្ណោះទេ ក៏ជំរុញការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ចំណែកអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានចាត់ទុកការបើកច្រកព្រំដែនថ្មីជាមួយប្រទេសវៀតណាម និងឡាវ គឺជាឱកាសវិជ្ជមានបន្ថែមសម្រាប់វិស័យពាណិជ្ជកម្មកម្ពុជា។
ប្រទេសវៀតណាម គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣ និងជាទីផ្សារនាំចេញទំនិញធំទី២ របស់កម្ពុជា។ ប៉ុន្តែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ នៅមានកម្រិតនៅឡើយ។
ក្រុមអ្នកជំនាញយល់ថាតាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មខាងលើនេះ នឹងក្លាយជាកត្តាលីករដែលជួយជំរុញឱ្យការធ្វើពាណិជ្ជកម្មកម្ពុជា និងវៀតណាម កាន់តែប្រសើរថែមមួយកម្រិតទៀត។ ការណ៍នេះក៏អាចជំរុញការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយឡាវ ផងដែរ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានជាង ៥,៣ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ ទំនិញដែលកម្ពុជាបាននាំចេញទៅកាន់ប្រទេសវៀតណាម មានជាង ២,៧ពាន់លានដុល្លារ៕
ដោយ៖ខន ណារី
