រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីគាំទ្រដល់កុមារជនភៀសសឹក និងការបោសសម្អាតមីន
លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃចក្រភពអង់គ្លេស នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧សីហា ដើម្បីត្រួតពិនិត្យអំពីគម្រោងជំនួយអប់រំនានាដល់កុមារភៀសសឹក និងគម្រោងបោសសម្អាតមីននៅកម្ពុជាដែលគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង្គគ្លេសប្រចាំនៅកម្ពុជានាថ្ងៃអង្គារ៍នេះ ក្នុងអំឡុងបេសកកម្មនេះ លោកស្រី Rosie Winterton នឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលកម្មវិធីអប់រំ ដែលគាំទ្រដោយអង់គ្លេស សម្រាប់ជួយដល់កុមារដែលបានភៀសខ្លួនដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។
ជាមួយគ្នានេះ លោកស្រីនឹងជួបពិភាក្សាជាមួយអង្គការ HALO Trust និង APOPO អំពីការងារបោសសំអាតមីននៅកម្ពុជា ខណៈចក្រភពអង់គ្លេសបានគាំទ្រការដោះមីន និងការស្តារឡើងវិញផ្នែកមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាងបីទសវត្សរ៍មកហើយ។
លើសពីនេះលោកស្រី នឹង ជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ និងការអប់រំ ដោយផ្តោតលើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីបើកផ្លូវឱ្យសាកលវិទ្យាល័យល្បីៗ ពង្រីកការផ្តល់សញ្ញាបត្រស្តង់ដារអន្តរជាតិជូនដល់និស្សិតកម្ពុជា។
មុនពេលមកដល់កម្ពុជា លោកស្រី Rosie Winterton មានប្រសាសន៍ថា លោកស្រីនឹងទៅមើលឲ្យឃើញផ្ទាល់ភ្នែកពីរបៀប ដែលការគាំទ្ររបស់ចក្រភពអង់គ្លេសកំពុងជួយសហគមន៍នានាឱ្យស្តារជីវភាពឡើងវិញ បន្ទាប់ពីជម្លោះ និងជួយបោសសម្អាតមីន ដែលកំពុងគំរាមកំហែងដល់ជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។
លោកស្រីបញ្ជាក់ថា កម្ពុជាស្ថិតនៅចំកណ្តាលតំបន់មួយ ដែលមានសារៈសំខាន់ចំពោះសន្តិសុខ និងវិបុលភាពរបស់ចក្រភពអង់គ្លេស ហើយចក្រភពអង់គ្លេសប្តេជ្ញាចិត្តចំពោះស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា និងធ្វើការរួមគ្នាជាមួយកម្ពុជាដើម្បីតំបន់មានសន្តិភាព និងវិបុលភាព៕
សៅ សុខអេង