ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ជួបនិស្សិតទៅរុស្ស៊ី ៤០រូប មុនចេញដំណើរ
ភ្នំពេញ៖ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ចំនួន ៤០រូប ដែលត្រូវចេញទៅបន្តការសិក្សានៅសហព័ន្ធរុស្ស៊ី ។ជំនួបបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ។
ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា ក្នុងឱកាសនោះឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះនិស្សិតទាំងអស់ ដែលបានខិតខំប្រកួតប្រជែងរហូតទទួលបានអាហារូបករណ៍ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ដែលជាប្រទេសមានប្រព័ន្ធអប់រំស្តង់ដារខ្ពស់លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម វេជ្ជសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ។
ក្នុងនាមជាអតីតនិស្សិតធ្លាប់សិក្សានៅប្រទេសរុស្ស៊ីនាទសវត្សរ៍ឆ្នាំ១៩៨០ ឯកឧត្តមសន្តិបណ្ឌិត បានចែករំលែកបទពិសោធន៍រស់នៅ និងការសិក្សាព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗដល់ក្រុមនិស្សិត ក្នុងនេះត្រូវយកចិត្តទុកដាក់លើភាសារុស្ស៊ី និងមុខវិជ្ជាឯកទេស ដោយមានឆន្ទៈមោះមុតក្នុងការជម្នះរាល់ឧបសគ្គ។ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងភាពរីកចម្រើនរបស់កម្ពុជាទៅកាន់មិត្តភក្តិអន្តរជាតិ។លើសពីនេះត្រូវរក្សាសេចក្តីថ្លៃថ្នូរ សាមគ្គីភាពក្នុងចំណោមនិស្សិតខ្មែរ រក្សាទំនាក់ទំនងល្អជាមួយប្រជាជនរុស្ស៊ី និងគោរពច្បាប់ ព្រមទាំងបទបញ្ជាផ្ទៃក្នុងសាលាឱ្យបានខ្ជាប់ខ្ជួន។
ដោយឡែកទាក់ទងនឹងជំហររាជរដ្ឋាភិបាលលើការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបញ្ហាព្រំដែន ឯកឧត្តមសន្តិបណ្ឌិត បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរយៈការបង្កើត គ.ប.ឆ.ប. ការរៀបចំច្បាប់ និងការពង្រឹងកិច្ចសហការអន្តរជាតិ។ ជាមួយគ្នានេះ កម្ពុជាក៏កំពុងត្រៀមរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ឯកឧត្តមសន្តិបណ្ឌិត បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវជំហរដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិជាមូលដ្ឋាន។
លោក ខ្វែង ភារម្យ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី តំណាងឱ្យនិស្សិតទាំងអស់ បានថ្លែងអំណរគុណនិងបានសន្យាថានឹងខិតខំប្រឹងប្រែងរៀនសូត្រ គោរពច្បាប់ និងបំពេញតួនាទីជា «ទូតសុឆន្ទៈ និងទូតវប្បធម៌» ដ៏ល្អ ដើម្បីត្រឡប់មកវិញចូលរួមអភិវឌ្ឍមាតុភូមិឱ្យកាន់តែរីកចម្រើន៕
ដោយ៖ង៉ាន ទិត្យ


