អាមេរិកបញ្ជូននាវាចម្បាំងទៅកំចាត់ការជួញដូរគ្រឿងញៀន នៅប្រទេសអេក្វាទ័រ
គីតូ ៖ នាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ត្រូវបានបញ្ជូនទៅដល់កំពង់ផែមួយ នៃប្រទេសអេក្វាទ័រ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។
នាវាចម្បាំងអាមេរិកមួយគ្រឿងនេះ បានមកដល់កំពង់ផែ Manta ដែលជាតំបន់ក្តៅគគុក នៃការជួញដូរគ្រឿងញៀន ក្នុងប្រទេសអេក្វាទ័រ ខណៈដែលកងទ័ពអាមេរិកចូលរួមជាមួយកងកម្លាំងអេក្វាទ័រ ក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។
ក្រៅពីនេះ ក៏មានទូកស្ទាក់ចាប់មួយគ្រឿង ដែលបំពាក់ដោយអាវុធ និង មានបំពាក់ទង់ជាតិអាមេរិក កំពុងល្បាតនៅក្បែរនាវាចម្បាំងនោះ។
ប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa ដែលមាននិន្នាការស្តាំនិយម គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរូប របស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងតំបន់អាមេរិកឡាទីន។
អស់រយៈពេលជាច្រើនខែមកហើយ ដែលកងកម្លាំងសហរដ្ឋអាមេរិកបាននិងកំពុងគាំទ្រកងទ័ពរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។
អេក្វាទ័រ បានប្រែក្លាយពីប្រទេស ធ្លាប់តែជារដ្ឋមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុត នៅអាមេរិកខាងត្បូង ទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានគ្រោះថ្នាក់ដល់ជីវិតបំផុត ដោយសារតែបញ្ហាគ្រឿងញៀន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត