បង់ក្លាដែស កំពុងចរចាទិញយន្តហោះចម្បាំង J-10CE របស់ ចិន
ដាកា ៖ ប្រទេសបង់ក្លាដែស កំពុងរៀបចំកិច្ចព្រមព្រៀងផ្លូវការមួយ ដើម្បីចរចាទិញយន្តហោះចម្បាំងពហុតួនាទី J-10CE និងឧទ្ធម្ភាគចក្រប្រយុទ្ធពីប្រទេសចិន ។ នេះបើតាមការប្រកាសរបស់លោក Zahed Ur Rahman ដែលជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស កាលពីថ្ងៃ អង្គារ ។
លោកទីប្រឹក្សា Rahman និយាយថា មូលហេតុដែលបង់ក្លាដែសបញ្ជាទិញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់ចិន គឺដោយសារតែប្រទេសលោកបានឃើញច្បាស់ពីភាពខ្លាំងរបស់ពួកវា អំឡុងជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា ។
ម្យ៉ាងវិញទៀត យន្តហោះចម្បាំងចិនជំនាន់ទី៤.៥នេះ មានតម្លៃធូរថ្លៃជាងយន្តហោះចម្បាំងរបស់អឺរ៉ុប ដូចជា Rafale ឬ Eurofighter Typhoon ប៉ុន្តែប្រសិនបើប្រៀបធៀបពីសមត្ថភាពវិញ គឺប្រហាក់ប្រហែលគ្នា ។
យោងតាមផែនការដំបូងដែលត្រូវបានបញ្ចេញកាលពីខែតុលា ឆ្នាំ២០២៥, ប្រទេសបង់ក្លាដែសមានគម្រោងបញ្ជាទិញយន្តហោះចម្បាំងផលិតនៅប្រទេសចិនចំនួន ២០គ្រឿង ក្នុងតម្លៃប្រហែល ២,២ពាន់លានដុល្លារ ។
ផ្អែកតាមប្រភពពី Anadolu, សព្វថ្ងៃនេះ កងទ័ពអាកាសបង់ក្លាដែសមានយន្តហោះប្រហែល ២១២គ្រឿង រួមទាំងយន្តហោះចម្បាំងចំនួន ៤៤គ្រឿង ដែលក្នុងនោះ ៣៦គ្រឿងជាយន្តហោះចម្បាំងស៊េរីចាស់ F-7 ផលិតនៅប្រទេសចិន ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា