ថៃដកអក្សរខ្មែរចេញពីមន្ទីរពេទ្យនៅខេត្តសុរិន្ទ – អ្នកជំនាញថា ទង្វើនេះមិនចំណេញអ្វីដល់ថៃឡើយ
បន្ទាប់ពីលែងមានអ្នកជំងឺខ្មែរចូលទៅព្យាបាល មន្ទីរពេទ្យសុរិន្ទរបស់ថៃបានសម្រេចដកអក្សរខ្មែរចេញពីស្លាកមន្ទីរពេទ្យ ដោយទុកតែភាសាថៃ និងអង់គ្លេសប៉ុណ្ណោះ។ មានសេចក្តីរាយការណ៍ថា មន្ទីរពេទ្យមួយចំនួនទៀតដែលមានសរសេរអក្សរខ្មែរ ដើម្បីងាយស្រួលដល់អ្នកជំងឺខ្មែរអាន ក៏បានសម្រេចដកអក្សរខ្មែរចេញដែរ។
មុនពេលផ្ទុះជម្លោះព្រំដែន ប្រជាពលរដ្ឋខ្មែរជាច្រើន ពិសេសអ្នកនៅជាប់ព្រំដែន បានទៅរកសេវាព្យាបាលជំងឺនៅតាមមន្ទីរពេទ្យថៃ ប៉ុន្តែពេលនេះស្ថានការណ៍បានផ្លាស់ប្តូរទាំងស្រុង។ អ្នកជំងឺខ្លះសម្រេចទទួលការព្យាបាលនៅក្នុងស្រុកវិញ ហើយមួយចំនួនទៀតបានជ្រើសរើសប្រទេសដទៃ ដូចជាវៀតណាម ម៉ាឡេស៊ី ឬសិង្ហបុរីជាដើម។
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដកអក្សរខ្មែរនេះមិនបានផ្តល់ចំណេញអ្វីដល់ថៃឡើយ ផ្ទុយទៅវិញមានតែបង្ហាញពីឥរិយាបទអសីលធម៌ប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា កម្ពុជាមិនចាំបាច់ទៅប្រតិកម្មតបតលើរឿងនេះទេ ព្រោះថៃអាចលុបអក្សរលើផ្លាកបាន តែមិនអាចលុបប្រវត្តិសាស្ត្រ ឬវប្បធម៌ខ្មែរដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដែនដីនោះបានឡើយ។
អ្នកជំនាញវប្បធម៌ បានសង្កត់ធ្ងន់ថា ពលរដ្ឋដើមកំណើតខ្មែរបានរស់នៅខេត្តសុរិន្ទតាំងពីយូរយារណាស់មកហើយ ដូច្នេះការប្រើប្រាស់អក្សរខ្មែរ និងថៃអមគ្នា គឺជារឿងចាំបាច់បំផុត។ លោកបានកត់សម្គាល់ថា មុនពេលមានជម្លោះ ជនជាតិខ្មែរជាច្រើនបានទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យសុរិន្ទនេះ ប៉ុន្តែក្រោយជម្លោះផ្ទុះឡើង ស្ថាប័នថៃមួយចំនួនបានដកអក្សរខ្មែរចេញ ដោយសារតែចរន្តជាតិនិយមជ្រុល។
យោងតាមសារព័ត៌មានថៃ The Nation ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យក្នុងខេត្តសុរិន្ទទទួលព្យាបាលអ្នកជំងឺកម្ពុជាចន្លោះពី ៩,០០០ ទៅ ១០,០០០នាក់ ដោយបង្កើតចំណូលពីសេវាសុខាភិបាលបានប្រមាណ ១ លាន ៥សែនដុល្លារអាមេរិក៕



ទួន សុផល