ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រឹះស្ថានសិក្សា ជួបពិភាក្សាលើ របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA)
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាពិភាក្សា “របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA)” ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ប្រមាណ ១៥០រូប កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលជាអាទិភាពមួយ ដើម្បីចូលរួមជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍថ្នាល និងកម្មវិធីជាច្រើនសម្រាប់គាំទ្រដល់ដំណើរបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ក៏ដូចជាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល រហ័ស និងមានជំនឿចិត្តខ្ពស់។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការជ្រើសរើសបច្ចេកវិទ្យាប្រភពកូដបើកចំហ (Open-Source) និងការអភិវឌ្ឍថ្នាលដែលជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (DPI) គឺជាយុទ្ធសាស្ត្រដែលមិនអាចខ្វះបានក្នុងការពង្រឹងអធិបតេយ្យភាពឌីជីថល ការធានាចីរភាពថវិកា ការលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាក្នុងស្រុក និងការបញ្ជៀសការពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនផ្គត់ផ្គង់តែមួយ។
ដោយឡែក លោក អេនរីកូ ហ្គាវេលីយ៉ា ពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិ បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជាបានបង្កើតមូលដ្ឋានគ្រឹះគោលនយោបាយប្រកបដោយមហិច្ឆិតា ដើម្បីផ្តល់នូវអន្តរប្រតិបត្តិការ នវានុវត្តន៍ឌីជីថល និងការផ្តល់សេវា ដោយផ្តោតលើប្រជាពលរដ្ឋជាស្នូលក្នុងរបៀបវារៈអភិវឌ្ឍន៍ជាតិ។
លោកបន្តថា កម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលឌីជីថលទំនើប ដែលប្រទាក់ក្រឡាគ្នាប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងធុរកិច្ច។ បន្ថែមលើនេះ បរិយាកាសគោលនយោបាយរបស់កម្ពុជា គឺជាចំណុចខ្លាំងបំផុតមួយ និងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការចាប់យកបន្ថែមទៀតនូវប្រព័ន្ធឌីជីថលដែលបើកចំហ និងអន្តរប្រតិបត្តិការ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា





