អ្នកជំនាញថា របងព្រំដែនដែលថៃសង់ មិនត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិនោះទេ
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ការសាងសង់ជញ្ជាំងព្រំដែនរវាងថៃ និងកម្ពុជា ដោយយោធាថៃមិនត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិទេ ហើយក៏មិនទទួលបានការគាំទ្រពីប្រជាជនដែលរស់នៅតំបន់នោះដែរ។
លោក ឆាំង យុ យល់ឃើញថា សកម្មភាពនេះគឺថៃគ្រាន់តែធ្វើឡើងដើម្បីបម្រើផលប្រយោជន៍នយោបាយរយៈពេលខ្លីរបស់ក្រុមឥស្សរជនថៃ ដែលព្យាយាមបង្កើតភាពតានតឹងជាមួយកម្ពុជា ដើម្បីជំរុញរបៀបវារៈផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។
អ្នកជំនាញឯកសារប្រវត្តិសាស្ត្ររូបនេះ បានលើកឡើងទៀតថា យោធាថៃអាចសាងសង់ជញ្ជាំងនេះបាន ប៉ុន្តែប្រវត្តិសាស្ត្របង្ហាញថា ជញ្ជាំងដែលខ្វះមូលដ្ឋានគ្រឹះនៃច្បាប់ ភាពស្របច្បាប់ និងភាពចាំបាច់ខាងសីលធម៌ ជាក់ស្តែង នឹងដួលរលំ និងបរាជ័យ។
ការលើកឡើងរបស់លោកឆាំង យុ គឺស្របពេលដែលសារព័ត៌មានថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានចុះផ្សាយពីគម្រោងសាងសង់របងព្រំដែនថៃ និងកម្ពុជា ដំណាក់កាលទី២ ប្រវែងជាង៨គីឡូម៉ែត្រ ក្រោយពីបញ្ចប់ការសាងសង់របងព្រំដែនដំណាក់កាលទី១ ប្រវែង១ ៣០០ម៉ែត្រកាលពីខែកក្កដាកន្លងទៅ។
របងព្រំដែន ដែលថៃបានសង់ គឺស្ថិតនៅចន្លោះបង្គោលលេខ៥២ ដល់លេខ ៥៨ ស្រុកពង់ណាំរ៉ុន ខេត្តចន្ទបូរី ប្រទេសថៃ ទល់នឹងស្រុកកំរៀង ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ យកលេសថា របងព្រំដែននេះគឺជាការបង្ហាញការតាំងចិត្តរបស់ប្រទេសថៃក្នុងការបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា និងទប់ស្កាត់ការជួញដូរមនុស្ស និងទំនិញខុសច្បាប់។
ប៉ុន្តែលោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លើកឡើងថា ការសាងសង់របងព្រំដែននេះ មិនមែនជាឆន្ទៈពិតប្រាកដរបស់ប្រទេសថៃក្នុងការ «បញ្ចប់ជម្លោះព្រំដែន» ជាមួយកម្ពុជាឡើយ ហើយទង្វើ នេះមិនត្រឹមតែមិនជួយបង្កើតទំនុកចិត្តរវាងប្រទេសជិតខាងទេ ប៉ុន្តែអាចធ្វើឱ្យជម្លោះកាន់តែជ្រៅ និងតានតឹងថែមទៀត។
លោក សេង វណ្ណលី យល់ឃើញថា វិធីសាស្ត្រដ៏ល្អបំផុតនោះ គឺភាគីថៃត្រូវតែបញ្ឈប់ការធ្វើសកម្មភាពដែលអាចផ្លាស់ប្តូរស្ថានភាពនៅលើដី ហើយអង្គុយដោះស្រាយទីតាំងព្រំដែនជាមួយកម្ពុជាតាមផ្លូវច្បាប់អន្តរជាតិ ក្រោមយន្តការដែលភាគីទាំងពីរទទួលស្គាល់៕
សៅ សុខអេង



