កម្ពុជា-វៀតណា-ឡាវ គ្រោងបង្កើតកញ្ចប់ទស្សនកិច្ចថ្មី ដើម្បីទាក់ទាញទេសចរពិភពលោក

ក្រុមហ៊ុនវៀតណាមមួយបានផ្តួចផ្តើមបង្កើតកញ្ចប់ទេសចរណ៍ “ទីក្រុងបុរាណ ៣ ក្នុងប្រទេស ៣” រវាងកម្ពុជា វៀតណាម និងឡាវ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរ។ កញ្ចប់ទស្សនកិច្ចថ្មីនេះត្រូវបានរំពឹងថា អាចជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំង៣ ប្រទេសទី៣ និងពីគ្រប់ទិសទីនៃពិភពលោក។

លោក Nguyễn Quốc Kỳ ប្រធានក្រុមហ៊ុន Vietravel Corporation ដែលជាក្រុមហ៊ុនទេសចរណ៍នាំមុខគេជាង៣ទសវត្សនៅវៀតណាម បានលើកយកគំនិតផ្តួចផ្តើមនេះមកពិភាក្សាជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែសីហា។

កញ្ចប់ទេសចរណ៍ថ្មីនេះនឹងភ្ជាប់ទីក្រុងវេ (Huế) របស់វៀតណាម ទីក្រុងសៀមរាបរបស់កម្ពុជា និងទីក្រុងហ្លួងព្រះបាងរបស់ឡាវ ដើម្បីបង្កើតជាផលិតផលទេសចរណ៍ឆ្លងប្រទេស ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតជាមួយជើងហោះហើរថ្មីសម្រាប់ទីក្រុងបុរាណទាំង៣។

ទន្ទឹមនេះ ក្រុមហ៊ុនទេសចរណ៍វៀតណាម បានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពល និងភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ដែលបានជំរុញឱ្យក្រុមហ៊ុនបង្កើតកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ក្នុងជំនួបខាងលើ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយគ្រោងចុះ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុននឹងមកស្វែងយល់ពីសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាប និងតំបន់ឆ្នេររបស់កម្ពុជាផងដែរ៕

ខន ណារី AMS

ads banner