SpaceX គ្រោងចាយទុន ១០០ ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្តែត និងផ្កាយរណប AI ធំបំផុតនៅ អាមេរិក
វ៉ាស៊ីនតោន ៖ SpaceX ដែលជាក្រុមហ៊ុនអវកាសឯកជនរបស់បុរសមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេលើពិភពលោក គឺលោក Elon Musk បានបញ្ចេញផែនការចាយទុនរហូតដល់ ១០០ ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្កែតដ៏ធំបំផុតនៅរដ្ឋ Louisiana សហរដ្ឋអាមេរិក ។
បើតាម CNA, មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្តែតថ្មីនេះមានឈ្មោះថា Starbase Louisiana មានទំហំជាង ៥ ម៉ឺនហិកតា ស្ថិតនៅលើកោះ Pecan ភាគខាងត្បូងនៃរដ្ឋ Louisiana ។
នៅទីនោះ SpaceX នឹងកែប្រែតំបន់ដីសើមឆ្នេរសមុទ្រនៅភាគខាងត្បូងនៃរដ្ឋ Louisiana ឲ្យទៅជាមូលដ្ឋានដ៏សំខាន់សម្រាប់បាញ់បង្ហោះរ៉ុក្កែត Starship ជំនាន់ថ្មី និងផ្កាយរណបបំពាក់បច្ចេកវិទ្យា AI ទៅកាន់គន្លងតារាវិថី ព្រមទាំងគាំទ្រដល់បេសកកម្មទៅកាន់ព្រះចន្ទ និងភពអង្គារ ។
គម្រោងនេះនឹងបង្កើតការងារផ្ទាល់ជាង ៣ ពាន់កន្លែង ជាមួយនឹងប្រាក់បៀវត្សរ៍ជាមធ្យមជាង ៩ ម៉ឺនដុល្លារ ឬខ្ពស់ជាងប្រាក់ខែក្នុងតំបន់រហូតដល់ ១៩២% និងបង្កើតការងារមិនផ្ទាល់ជាង ៨,១០០ កន្លែងទៀតផងដែរ ។
ផ្អែកតាមប្រភពពីក្រុមហ៊ុន SpaceX, មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្តែតនេះ គឺជាការប្រមូលផ្តុំពង្រីកប្រតិបត្តិការបាញ់បង្ហោះរបស់យាន Starship ហើយវាក៏ជាការបន្ថែមពីលើទីតាំងដែលមានស្រាប់ ស្ថិតនៅភាគខាងត្បូងរដ្ឋ Texas និងទីតាំងដែលបានគ្រោងទុកនៅរដ្ឋ Florida ខណៈរ៉ុក្កែតជំនាន់ក្រោយនេះ កំពុងស្ថិតក្នុងការអភិវឌ្ឍដល់ដំណាក់កាលចុងក្រោយហើយ ។
ប្រភពដដែលបញ្ជាក់ថា ការសាងសង់មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្កែតខ្នាតយក្សនេះ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៧ ហើយការបាញ់បង្ហោះរ៉ុក្កែត Starship លើកដំបូង គ្រោងធ្វើឡើងនៅឆ្នាំ២០២៩ ។
ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ SpaceX បានពង្រីកវត្តមានយ៉ាងខ្លាំងក្លានៅភាគខាងត្បូងសហរដ្ឋអាមេរិក ដោយបានសាងសង់មជ្ឈមណ្ឌលទិន្នន័យ Colossus AI នៅក្នុងរដ្ឋ Tennessee និង Mississippi ខណៈទីតាំង Starlink គឺនៅទីក្រុង Austin រដ្ឋ Texas ។
មិនត្រឹមតែប៉ុណ្ណោះ SpaceX ក៏កំពុងរៀបចំផែនការសាងសង់រោងចក្រផលិតបន្ទះឈីបធំបំផុតនៅភាគកណ្តាលរដ្ឋ Texas ផងដែរ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
