កាតាចូលសម្រុះសម្រួល ខណៈលោកត្រាំថា អាមេរិកមិននិយាយជាមួយអ៊ីរ៉ង់
តេហេរ៉ង់ ៖ កាតាបានឈានជើងចូលក្នុងការសម្រុះសម្រួល ខណៈដែលលោកប្រធានាធិបតី Donald Trump អះអាងថា អាមេរិកមិននិយាយជាមួយអ៊ីរ៉ង់។
នាយករដ្ឋមន្ត្រីកាតាបានធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវទំនាក់ទំនងការទូតដែលជាប់គាំងរយៈពេលប្រាំមួយខែនៅក្នុងសង្រ្គាម។
ក្រសួងការបរទេសរបស់ប្រទេសកាតាបាននិយាយថា នៅក្នុងទីក្រុងតេហេរ៉ង់ នាយករដ្ឋមន្រ្តីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បានជំរុញឱ្យមានការវិលត្រឡប់ទៅរកការទូតវិញក្នុងអំឡុងពេលពិភាក្សាជាមួយអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ លោក Mohammad Baqer Qalibaf កាលពីថ្ងៃទី២៧ ខែសីហា។
យ៉ាងណា លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval ថា យុទ្ធនាការសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុង Tehran នឹងបន្តរហូតដល់ប្រទេសអ៊ីរ៉ង់សម្រេចចិត្តចរចាប្រកបដោយអត្ថន័យ ដោយលោកបញ្ជាក់ថា «យើងមិនចង់និយាយទៅកាន់ពួកគេទេ»។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលកំណត់ឱ្យមានការឈប់បាញ់ជាបន្ទាន់នៅគ្រប់សមរភូមិ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់វិញ នៅយប់ឈានចូលថ្ងៃទី៨ ខែកក្កដា ដោយចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា បានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត
