លោក ត្រាំ ធានាថា រុស្ស៊ីមិនវាយប្រហារទឹកដីណាតូនោះឡើយ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងមិនវាយប្រហារទឹកដីរបស់អង្គការ NATO ឡើយ ដោយលោកបានច្រានចោលសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភអំពីសកម្មភាព ដែលអាចកើតមាន ពីសំណាក់រុស្ស៊ី មកលើតំបន់អឺរ៉ុប។
ការលើកឡើងរបស់លោក Trump បានធ្វើឡើង នៅពីរថ្ងៃបន្ទាប់ពីនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល ហៅកាត់ CIA លោក John Ratcliffe បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដោយមិនបានគ្រោងទុកជាមុន ហើយ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ជាការព្រមានដល់ទីក្រុងមូស្គូ កុំឱ្យវាយប្រហារសម្ព័ន្ធភាព NATO។
លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval Office ថា «ខ្ញុំបានជួបពិភាក្សាដ៏ល្អជាមួយ លោក Putin។ គាត់នឹងមិនវាយប្រហារទឹកដីរបស់ NATO ឡើយ»។
នៅពេលត្រូវបានសួរឱ្យបញ្ជាក់អំពីសេចក្តីរាយការណ៍ដែលថា លោក Ratcliffe បាននាំយកការព្រមាន ទៅប្រាប់ភាគីរុស្ស៊ីនោះ លោក Trump បានឆ្លើយតបថា «ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយ លើរឿងនោះទេ»។
លោក Trump ក៏បានកាត់បន្ថយសារៈសំខាន់នៃតម្រូវការ ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ចំពោះការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ពោលគឺបន្ទាប់ពីរដ្ឋបាលរបស់លោកបានប្រកាសពី «ថ្ងៃ D-Day ផ្នែកសេដ្ឋកិច្ច» ឬ ថ្ងៃនៃការចាប់ផ្តើមវិធានការដ៏ធ្ងន់ធ្ងរ ដែលកំណត់គោលដៅលើទីក្រុងតេហេរ៉ង់ ប្រសិនបើប្រទេសនេះ បដិសេធមិនបើកច្រកសមុទ្រ Hormuz។
លោកបានមានប្រសាសន៍ថា «រហូតមកដល់ពេលនេះ ខ្ញុំគិតថា រុស្ស៊ីបានបង្ហាញឥរិយាបថល្អណាស់ ពាក់ព័ន្ធនឹងបញ្ហាច្រកសមុទ្រ Hormuz»៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត