កម្ពុជាបង្កើត App ឈ្មោះ “Kapea Scams” ដើម្បីទប់ស្កាត់ការឆបោកប្រជាពលរដ្ឋតាមអនឡាញ
ដោយអនុវត្តតាមគោលការណ៍ណែនាំពីឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំបង្កើតកម្មវិធីឈ្មោះ “Kapea Scams” (ការពារស្កែម) ដើម្បីបង្ការ ទប់ស្កាត់ និងផ្ដល់កិច្ចការពារសាធារណជនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
នៅក្នុងសេចក្ដីជូនដំណឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កម្មវិធី “Kapea Scams” ត្រូវបានដាក់ដំណើរការសាកល្បងលើប្រព័ន្ធប្រតិបត្តិការ IOS និង Android រយៈពេល ៣ខែ ដោយតម្រូវឲ្យប្រជាពលរដ្ឋចូលទៅក្នុងកម្មវិធី App Store ឬ Play Store នៅក្នុងទូរស័ព្ទ បន្ទាប់មកវាយអក្សរ Kapea Scams ធ្វើការដោនលោតជាការស្រេច។ កម្មវិធីនេះនឹងឈានទៅដាក់ដំណើរការជាផ្លូវការនាពេលខាងមុខផងដែរ។
លោកវរសេនីយ៍ឯក ហូ សុងរចនា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា ការទាញយកកម្មវិធី “Kapea Scams” លើទូរស័ព្ទដៃពិតជាមានសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីការពារពីការឆបោក។
អគ្គស្នងការដ្ឋាននគរបាលជាតិ គូសបញ្ជាក់ថា កម្មវិធី “Kapea Scams” មានមុខងារសំខាន់ៗ ដូចជាក្រើនរំលឹក ឬភ្ញោចស្មារតី(Alert)ដល់សាធារណជន នូវលេខទូរសព្ទដែលសមត្ថកិច្ចកំណត់ថាពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសផ្សេងៗ ។
ជាមួយគ្នា កម្មវិធីនេះនឹងបិទការហៅចូលដោយស្វ័យប្រវត្តិ ចំពោះលេខទូរសព្ទដែលសមត្ថកិច្ចកំណត់ថាពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសផ្សេងៗ (Block Call)។ តាមរយៈ App នេះ សមត្ថកិច្ចអាចផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការវិវឌ្ឍន៍ និងកលល្បិចឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ហើយពលរដ្ឋក៏អាចរាយការណ៍ពាក់ព័ន្ធបទល្មើសឆបោក ដែលខ្លួនជួបប្រទះផងដែរ៕
សេង បារាំង AMS