អាជ្ញាធរខេត្តពោធិ៍សាត់ នឹងរៀបចំទីតាំងសុវត្ថិភាពសម្រាប់ចតរថយន្តដឹកទំនិញ
អាជ្ញាធរខេត្តពោធិ៍សាត់ នឹងមិនអនុញ្ញាតឱ្យតៃកុងឡានដឹកទំនិញចត ឬឈប់សម្រាកនៅពេលយប់នៅ «សួនច្បារ១៤មករា» តទៅទៀតឡើយ ដោយជំនួសមកវិញនូវការរៀបចំទីតាំងសុវត្ថិភាពថ្មី ដែលមានសមត្ថកិច្ចយាមកាម ២៤ម៉ោង។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានប្រាប់ AMS ថា ការប្រកាសបំរាមនេះធ្វើឡើងបន្ទាប់ពីកន្លងមក តៃកុងឡានដឹកទំនិញមួយចំនួនបានចតសម្រាកយប់ បណ្តាលឱ្យបាក់បង្គោលភ្លើងត្រូវជួសជុលជាច្រើនលើក បន្សល់ទុកសំរាមយ៉ាងអនាធិបតេយ្យ និងបង្កឱ្យមានការកកស្ទះចរាចរណ៍។
បើតាមឯកឧត្តម ខូយ រីដា អាជ្ញាធរខេត្ត នឹងរៀបចំទីកន្លែងឈប់សម្រាកផ្សេងប្រកបដោយសុវត្ថិភាពនៅតាមដងផ្លូវសម្រាប់អ្នកដំណើរពីចម្ងាយ ដោយមានកងកម្លាំងសមត្ថកិច្ចឈរជើងការពារ និងត្រៀមជួយអន្តរាគមន៍គ្រប់ពេលវេលា។
វិធានការការពារសុវត្ថិភាពអ្នកដំណើរនេះ ត្រូវបានធ្វើឡើង ក្រោយពីឯកឧត្តម ខូយ រីដា បានដឹកនាំកម្លាំងអាជ្ញាធរ ចុះជួបសាកសួរតៃកុងឡានដឹកទំនិញ (ឡានខ្សែ) ដោយផ្ទាល់តាមដងផ្លូវជាតិលេខ៥ ទាំងអធ្រាត្រ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គមចោទថា ឡានដឹកទំនិញធំៗដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ ត្រូវគេលួចបូមប្រេង។
ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា ក្រោយចុះសាកសួរតៃកុងឡានខ្សែជាច្រើនរូប លទ្ធផលបង្ហាញថា មានតៃកុងឡានមួយចំនួនតូចប៉ុណ្ណោះដែលធ្លាប់បាត់ប្រេងក្នុងអំឡុងពេលសាងសង់ផ្លូវជាតិលេខ៥ ប៉ុន្តែភាគច្រើនបំផុតបានអះអាងថា មិនដែលជួបប្រទះបញ្ហាបាត់ប្រេងនោះឡើយ។ ដោយឡែក អ្នកបើកបរនៅឃុំបឹងខ្នារ ស្រុកបាកានផ្ទាល់ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់មិនដែលជួបប្រទះបញ្ហាបាត់ប្រេងសូម្បីតែមួយដង ទោះបីជាទុកឡានចោលក៏ដោយ៕
សៅ សុខអេង


