ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចាប់ដៃក្លិបអ្នកកាសែតកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងក្លិបអ្នក កាសែតកម្ពុជា (CCJ) បានចាប់ដៃគូជាមួយគ្នាក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការបង្កើនការផ្សព្វផ្សាយអំពីវិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតង ពោលជួយបង្កើតបរិយាកាសមួយដែលព័ត៌មានចំណេះដឹងហិរញ្ញវត្ថុ និងទីផ្សារអាចតភ្ជាប់គ្នាកាន់ តែប្រសើរ។
នៅទីស្នាក់ការកណ្ដាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជាកាលពីព្រឹកថ្ងៃទី២៨ ខែសីហាបាន ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។តាមរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងផ្តល់ព័ត៌មានចំណេះដឹង និងការយល់ដឹងអំពីសារៈសំខាន់នៃវិស័យកសិកម្ម និងវិស័យបៃតង ដល់សាធារណជន ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យទាំងនេះនៅកម្ពុជា ។
ថ្លែងក្នុងពិធីចុះអនុស្សរណៈឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB មានប្រសាសន៍ថា អនុស្សរណៈនៅថ្ងៃនេះ មានគោលបំណងជួយគ្នាផ្សព្វផ្សាយ អំពីព័ត៌មាននានាក្នុងវិស័យកសិកម្ម ជាពិសេសផ្នែកហិរញ្ញវត្ថុ។ ក្នុងនោះដែរ ការផ្សព្វផ្សាយនឹងជួយទៅដល់ការដាំដុះ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម ការកែច្នៃ ក៏ដូចជាការនាំចេញ និងព័ត៌មានពីបច្ចេកវិទ្យាកសិកម្មថ្មីៗ ក្នុងវិស័យកសិកម្ម (Agri-Technology) ដែលកំពុងអនុវត្តនៅកម្ពុជា ក៏ដូចជានៅក្រៅប្រទេសផងដែរ ។ ព័ត៌មានទាំងអស់នេះ នឹងផ្តល់ប្រជាកសិករ ដើម្បីឱ្យដឹង និងធ្វើជាផែនការ ការអនុវត្តនៃការដាំដុះផ្សេងនៅឯជនបទនឹងតែម្តង ។
ឯកឧត្តមបន្តថា ព័ត៌មានកន្លងទៅយើងមានច្រើនហើយ ប៉ុន្តែបងប្អូនខ្លះក៏បានមើល ,បងប្អូនខ្លះទៀតក៏មិនបានមើល ដូចនេះការចាប់ដៃគូសហការជាមួយក្លិបអ្នកកាសែតកម្ពុជានាពេលនេះ ឯកឧត្តមសង្ឃឹមថា ព័ត៌មាននឹងផ្សព្វផ្សាយច្រើនទៅដល់ប្រជាជន ជាពិសេសនៅជនបទអំពីវិស័យកសិកម្ម និងឥណទាន ។
ចំណែក លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា អនុស្សរណៈនេះ ត្រូវបានរៀបចំឡើងក្នុងបរិបទដែលវិស័យកសិកម្ម និងវិស័យបៃតងកំពុងមានសារៈសំខាន់កាន់តែខ្លាំង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ។ លោកបន្តថា តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរយល់ថា ការផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងត្រឹមត្រូវ នឹងជួយឱ្យអ្នកសារព័ត៌មាន និងសាធារណជនយល់ដឹងកាន់តែច្បាស់អំពីឱកាស ,បញ្ហាប្រឈម និងសារៈសំខាន់នៃវិស័យទាំងនេះ ។
លោក ពុយ គា បន្ថែមថា កិច្ចសហប្រតិបត្តិការនេះ ត្រូវបានរំពឹងថា នឹងជួយពង្រឹងសមត្ថភាព និងការយល់ដឹងរបស់អ្នកសារព័ត៌មានកម្ពុជា លើវិស័យកសិកម្ម និងវិស័យបៃតង ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មាន ដែលមានគុណភាព ដើម្បីចូលរួមបញ្ជ្រាបការយល់ដឹង របស់សាធារណជន និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ៕
ដោយ៖ទីណា















