អង្គភាពប្រឆាំងអំពើពុករលួយពិនិត្យពាក្យប្ដឹងចំនួន ៣៣ និងបញ្ចូនសំណុំរឿង ១ករណីទៅតុលាការ
អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែសីហា សរុបចំនួន ៣៣ ពាក្យប្ដឹង និងបានបញ្ចូនសំណុំរឿង ១ករណី ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចយកទិដ្ឋាការទៅប្រើប្រាស់ដោយខុសច្បាប់។
ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែសីហានេះ សរុបចំនួន ៣៣ពាក្យប្ដឹង និងបានបញ្ចូនសំណុំរឿងមួយករណី ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ។
យោងតាមតាមសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សំណុំរឿងដែលអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនទៅតុលាការ គឺមានជាប់ពាក់ព័ន្ធជាមួយការលួចយកសន្លឹកទិដ្ឋាការ ប្រភេទ C និង Cex ជាង ៦ ០០០សន្លឹករបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅប្រើប្រាស់ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។ អង្គភាព ACU បានរកឃើញថា សន្លឹកទិដ្ឋាការដែលបានលួចបញ្ចេញដោយខុសច្បាប់នោះ ត្រូវបានប្រើប្រាស់ដោយជនបរទេស ដែលជាពួកឆបោកតាមអនឡាញ។ សំណុំរឿងនេះពាក់ព័ន្ធជាមួយជនសង្ស័យ៣នាក់។
សូមបញ្ជាក់ថា ទិដ្ឋាការ C (Courtesy Visa) ជាទិដ្ឋាការសម្រាប់ផ្ដល់ជូនមន្ត្រីបរទេស ឬបុគ្គលមានទំនាក់ទំនងការទូតដែលមកបំពេញភារកិច្ចផ្លូវការជូនរដ្ឋាភិបាល ឬអង្គការអន្តរជាតិ។ ចំណែក ទិដ្ឋាការប្រទេស Cex ជាទម្រង់ទិដ្ឋាការសម្រាប់ពន្យារពេលបន្ថែម(Extension)លើទិដ្ឋាការ C។
ក្នុងកិច្ចប្រជុំលើកទី១៣ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលធ្វើឡើងនារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ក៏បានរាយការណ៍ជូនអង្គប្រជុំអំពីកិច្ចការផ្សេងៗទៀតរបស់ ACU ផងដែរ ដូចជា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ការងារអប់រំ ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ ការងារបណ្តុះបណ្តាល៕
អត្ថបទ៖ វណ្ណលុក
រូប ហេង សម្បត្តិ












