មេធំ UN ប្រាប់អ៊ីស្រាអែល ឲ្យឈប់វាយប្រហារហ្គាហ្សា និង វ៉េសបេង ជាបន្ទាន់

ប៊ីស្កេក ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ អំពាវនាវឱ្យបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ Gaza និងអំពើហិង្សារបស់អ្នកកាន់កាប់ទឹកដី នៅតំបន់ West Bank ជាបន្ទាន់។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន, លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានរៀបរាប់ថា «នៅតំបន់ Gaza ការឈប់បាញ់ត្រូវតែត្រូវបានគោរព»។ លោកបានអំពាវនាវឱ្យមានការដកចេញជាបន្ទាន់ នូវរាល់ឧបសគ្គដែលរារាំងដល់ការផ្តល់ជំនួយមនុស្សធម៌។

បើតាម anadolu, កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ Gaza បានចូលជាធរមាន កាលពីខែតុលាឆ្នាំមុន។ ប៉ុន្តែ ក្រសួងសុខាភិបាលតំបន់ Gaza អះអាងថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១.៣២០ នាក់ និងធ្វើឱ្យមនុស្សជាង ៤.៣៨៥ នាក់ផ្សេងទៀតរងរបួស។

លោក Antonio Guterres ក៏បានលើកឡើងផងដែរថា «ការវាយប្រហារដោយក្រុមអ្នកតាំងលំនៅ និងការពង្រីកការតាំងលំនៅថ្មី នៅតំបន់ West Bank ត្រូវតែបញ្ឈប់»។

អង្គការសហប្រជាជាតិបានឱ្យដឹង កាលពីខែសីហាថា អំពើហិង្សារបស់អ្នកកាន់កាប់ទឹកដីបានកើនឡើងដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក ដោយមានការវាយប្រហារជាង ១.៤៣០ លើកដែលបណ្តាលឱ្យមានអ្នករងគ្រោះ ឬ ការខូចខាតទ្រព្យសម្បត្តិ ត្រូវបានកត់ត្រាទុក គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤។

លោក Guterres បានមានប្រសាសន៍ថា សន្តិភាពយូរអង្វែងទាមទារឱ្យមានដំណោះស្រាយរដ្ឋពីរ ឬ two-state solution ដែលក្នុងនោះ អ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅជាមួយគ្នាជារដ្ឋឯករាជ្យ និងមានអធិបតេយ្យភាព។

លោក Guterres បានថ្លែងថា «ខ្ញុំសូមអំពាវនាវឱ្យមានការអត់ធ្មត់ខ្ពស់បំផុត និងសូមឱ្យមានការគោរពចំពោះកិច្ចព្រមព្រៀងនានា ក៏ដូចជា ច្បាប់អន្តរជាតិ»៕

ប្រភព ៖ anadolu , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner