អ៊ីរ៉ង់ ថា នឹងធ្វើដូចគ្នា បើសិន អាមេរិក ប្តេជ្ញាគោរពតាម MOU ឆ្ពោះទៅបញ្ចប់សង្គ្រាម
ប៊ីស្កេក ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសង្កត់ធ្ងន់កាលពីថ្ងៃ អង្គារ ថា ប្រទេសរបស់លោកនឹងធ្វើដូចគ្នាភ្លាមៗ ប្រសិនបើអាមេរិកវិលត្រឡប់ទៅប្តេជ្ញាចិត្តគោរពតាមអនុស្សារណៈយោគយល់ (MoU) កាលពីខែមិថុនា ដែលមានគោលដៅឆ្ពោះទៅបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។
ការអះអាងរបស់លោក Pezeshkian ធ្វើឡើង ខណៈដែលច្រកសមុទ្រ Hormuz នៅតែជាចំណុចវិវាទធំបំផុតរវាងអ៊ីរ៉ង់ និងអាមេរិក ហើយបន្ទាប់ពីភាគីជម្លោះទាំងពីរចាប់ផ្តើមវាយប្រហារដាក់គ្នាឡើងវិញលើកដំបូង ក្រោយផ្អាកប្រយុទ្ធគ្នាជាងមួយខែ។
ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងប៊ីស្កេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក Pezeshkian បានសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកវិលត្រឡប់ទៅគោរពតាមការប្តេជ្ញាចិត្ត ក្រោមអនុស្សរណៈយោគយល់ (MOU) នោះទីក្រុងតេហេរ៉ង់នឹងឆ្លើយតបវិញភ្លាមៗ។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏បានអះអាងកាលពីថ្ងៃ ចន្ទ ផងដែរថា សង្គ្រាមមិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ ហើយអ៊ីរ៉ង់នៅតែបើកចំហសម្រាប់ការស្វែងរកដំណោះស្រាយ តាមរយៈការចរចាជាមួយអាមេរិក។
គួរបញ្ជាក់ថា អនុស្សារណៈយោគយល់ (MoU) រវាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ដែលសម្រេចបានក្នុងខែមិថុនា មានគោលបំណងបញ្ចប់សង្គ្រាមដែលផ្ទុះឡើង ក្រោយអាមេរិករួមដៃគ្នាជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ប៉ុន្តែកិច្ចព្រមព្រៀងនេះ បានដួលរលំទៅវិញយ៉ាងឆាប់រហ័ស ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភបំពានលក្ខខណ្ឌនៃ MoU៕ ហើយមកទល់ពេលនេះ នៅតែរក្សាការបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់របស់ពិភពលោក៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

