ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំលើកដំបូងកំណត់តួលេខប្រាក់ឈ្នួលថ្មីឆ្នាំ២០២៧
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំត្រីភាគីលើកដំបូងដើម្បីពិភាក្សានិងចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកកាត់ដេរសម្លៀកបំពាក់ស្បែកជើងនិងផលិតផលធ្វើដំណើរ សម្រាប់ឆ្នាំ២០២៧។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។
ការប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការងារ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។
នៅក្នុងកិច្ចប្រជុំ លោកអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានធ្វើបទបង្ហាញ និងពន្យល់លម្អិតអំពីតួលេខ និងបម្រែបម្រួលនៃលក្ខណៈវិនិច្ឆ័យទាំង ៧ ជូនដល់តំណាងភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីតំណាងកម្មករនិយោជិត (ដែលជាសហជីព) ដើម្បីយកទៅធ្វើជាមូលដ្ឋានក្នុងការពិភាក្សាផ្ទៃក្នុងរៀងៗខ្លួន។
បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំ ឯកឧត្តម ហេង សួរ គូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី១ នេះ ភាគីនីមួយៗមិនទាន់បានដាក់ចេញនូវគោលជំហរ ឬតួលេខស្នើសុំដំឡើងប្រាក់ឈ្នួលណាមួយនៅឡើយទេ។ ភាគីទាំងអស់បានឯកភាពគ្នាប្រើប្រាស់ទិន្នន័យផ្លូវការរបស់អគ្គលេខាធិការដ្ឋាន ដែលជាទិន្នន័យមានប្រភពច្បាស់លាស់ពីស្ថាប័នជំនាញ ដើម្បីយកទៅសិក្សាស្រាវជ្រាវ និងសំយោគបន្ថែម ជាជាងការប្រើប្រាស់ទិន្នន័យគ្មានប្រភពត្រឹមត្រូវ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារបន្ថែមថា ចំពោះបម្រែបម្រួលលក្ខណៈវិនិច្ឆ័យទាំង ៧ ត្រូវបានគូសបញ្ជាក់ថា មានចំណុចខ្លះថេរ ខ្លះថយចុះ និងខ្លះទៀតមានការកើនឡើង។ ការចរចាត្រូវផ្អែកលើកត្តាសំខាន់ៗជាច្រើនដូចជា អត្រាអតិផរណា ភាពប្រកួតប្រជែង ផលិតភាព និងតម្រូវការទីផ្សារសកល ដើម្បីធានាថាការកំណត់ប្រាក់ឈ្នួលថ្មីមិនធ្វើឱ្យភាគីណាមួយរងផលប៉ះពាល់អវិជ្ជមាន និងអាចឱ្យវិស័យនេះបន្តរីកចម្រើនទៅមុខទៀត។
បើតាមក្រសួងការងារ នឹងមានកិច្ចប្រជុំជាបន្តបន្ទាប់ទៀតអំពីប្រាក់ឈ្នួលអប្បបរមា មុនពេលប្រជុំសម្រេចលើកចុងក្រោយនៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២១០ ដុល្លារអាម៉េរិកក្នុងមួយខែ រួមទាំងប្រាក់ប្រយោជន៍ផ្សេងៗទៀតផងដែរ ៕
អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា


