រុស្ស៊ី ថា ការគំរាមបាញ់ដ្រូន ១,០០០គ្រឿងមួយថ្ងៃ បង្ហាញថា អ៊ុយក្រែន មិនចង់បញ្ចប់សង្គ្រាមទេ

មូស្គូ ៖ ប្រទេសរុស្ស៊ីបានអះអាងនៅថ្ងៃ អង្គារ ថា ការគំរាមកំហែងវាយប្រហារដោយយន្តហោះដ្រូន ១,០០០គ្រឿងក្នុងមួយថ្ងៃ ពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គឺជាភស្តុតាងយ៉ាងច្បាស់ថា ទីក្រុងកៀវគ្មានបំណងចង់ស្វែងរកការបញ្ចប់សង្គ្រាម ឬសន្តិភាពឡើយ។

បើតាម អាណាឌូលូ, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា ចោទប្រកាន់ថា សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ហ្សេលេនស្គី បានសបញ្ជាក់យ៉ាងច្បាស់ថា ការអំពាវនាវរបស់អ៊ុយក្រែនឱ្យមានបទឈប់បាញ់កន្លងមក គឺគ្មានភាពស្មោះត្រង់ទេ ហើយក៏មិនមែនមានគោលបំណងស្វែងរកសន្តិភាពពិតប្រាកដឡើយ។

ការចោទប្រកាន់របស់រុស្ស៊ី កើតឡើងចំពេលដែលលោកប្រធានាធិបតី ហ្សេលេនស្គី បានផ្ញើសារព្រមានដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ និងអ្នកដំណើរទាំងអស់ថា ដែនអាកាសរុស្ស៊ីនឹងលែងមានសុវត្ថិភាពទៀតហើយ ដោយសារវានឹងពោរពេញដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនពេញមួយសង្គ្រាមតែម្តង។

ជាការឆ្លើយតប ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសយ៉ាងខ្លាំង និងចាត់ទុកសម្តីរបស់មេដឹកនាំអ៊ុយក្រែនថា ជាការប្រកាសរបស់រដ្ឋភេរវកម្ម ដោយលោកសង្កត់ធ្ងន់ថា ទីក្រុងកៀវសុំឱ្យយើងបន្តការចរចា ប៉ុន្តែយើងមិនអាចចរចាជាមួយពួកភេរវករឡើយ។

គួរបញ្ជាក់ថា យន្តហោះដ្រូនបានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ ដែលកំពុងផ្លាស់ប្តូរមុខមាត់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទាំងស្រុង ជាពិសេសវាបានដើរតួនាទីយ៉ាងសកម្មចាប់តាំងពីការវាយប្រហារនៅសមរភូមិជួរមុខ រហូតដល់ការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់ភាគីទាំងពីរ ។

មកទល់ពេលនេះ ភ្លើងជម្លោះរវាងគូសត្រូវស៊ីសាច់ហុតឈាមទាំងពីរ ដែលឆាបឆេះឡើងបណ្តាលមកពីការលើកទ័ពរបស់រុស្ស៊ីចូលលុកលុយទៅក្នុងទឹកដីអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយនោះទេ ៕

ប្រភព ៖ Anadolu និង Euractiv ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner