ទណ្ឌិត ១០១នាក់ នៅមណ្ឌលអប់រំកែប្រែទី១ នឹងត្រូវស្នើសុំការបន្ទូរបន្ថយទោស និងលើកលែងទោស នាពិធីបុណ្យអុំទូក
ឯកឧត្តម នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានដឹកនាំប្រជុំត្រួតពិនិត្យវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតសម្រាប់ស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៦ ខាងមុខនេះ។
ការត្រួតពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលនឹងត្រូវស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំចំនួន២លើក កាលពីថ្ងៃទី៣១ ខែសីហា និងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។ ជាលទ្ធផល គណៈកម្មការរបស់មណ្ឌលបានសម្រេចបញ្ចូលទណ្ឌិតនៃមណ្ឌលអប់រំកែប្រែទី១សរុបចំនួន១០១នាក់ ដើម្បីស្នើសុំបន្ធូរបន្ថយទោស រយៈពេល០៣ខែ រយៈពេល ០៦ខែ និងរយៈពេល ០៩ខែ។
ឯកឧត្តម នុត សវនា បានណែនាំដល់ទណ្ឌិតទាំងនោះ បន្តខិតខំកែប្រែខ្លួន ខិតខំរៀនសូត្រ រៀនជំនាញវិជ្ជាជីវ: តាមកម្មវិធីសមាហរណកម្ម ដែលមណ្ឌលផ្តល់ជូន និងចៀសវាងការប្រព្រឹត្តបទល្មើសសារជាថ្មី ក្រោយផុតទោសវិលចូលទៅរស់នៅក្នុងសហគមន៍វិញ។
ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅកម្ពុជា តែងតែធ្វើឡើងចំនួន៥ដង ក្នុងឆ្នាំនៅក្នុងកម្មវិធីបុណ្យជាតិធំៗ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។
ព្រះរាជក្រឹត្យស្តីពី«ការបន្ធូរបន្ថយទោស និងលើកលែងទោស» បានបញ្ជាក់ថា ទណ្ឌិតដែលទទួលបានការស្នើសុំការបន្ធូរបន្ថយ និងលើកលែងទោស គឺលុះត្រាទណ្ឌិតទាំងនោះបានភ្ញាក់រលឹកខិតខំកែប្រែគំនិត មារយាទឱ្យក្លាយជាពលរដ្ឋសុចរិត គោរព ហ្មត់ចត់យ៉ាងត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគំរូ ល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត ចូលរួមអនុវត្តយ៉ាងសកម្ម និងទៀងទាត់នូវកម្មវិធីអប់រំកែប្រែ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីសមាហរណកម្ម។
ទណ្ឌិតដែលបានបំពេញលក្ខខណ្ឌខាងលើនេះ អាចទទួលការ បន្ធូរបន្ថយទោសបាន លុះត្រាតែទណ្ឌិតនោះបានទទួលរងទោសមួយភាគបី នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់។ ចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ ឆ្នាំជាមុនសិន៕
សៅ សុខអេង





