ខេត្តកំពតនឹងបង្ហាញផលិតផលទេសចរណ៍ថ្មីមួយទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ
ខេត្តកំពតគ្រោងនឹងបង្ហាញផលិតផលទេសចរណ៍ថ្មីមួយទៀត គឺរូបសំណាកបាតដៃដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និងសម្រាកកម្សាន្ត។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះថា រូបសំណាកបាតដៃនេះជាផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្តកំពត ដែលបានសាងសង់នៅអំឡុងខែមីនាដើមឆ្នាំនេះ។ គិតមកដល់បច្ចុប្បន្នសំណង់ស្ថាបត្យកម្មសម្រេចជាង ៩០%ហើយ ហើយនឹងរួចរាល់ នាពេលឆាប់ៗខាងមុខ។
តាមឯកឧត្តម ម៉ៅ ធនិន ចង់ឱ្យការសាងសង់រូបសំណាកបាតដៃ រួចរាល់ទាន់រដូវបុណ្យភ្ជុំបិណ្ឌដើម្បីបើកឱ្យភ្ញៀវទេសចរទស្សនកម្សាន្ត។
ខេត្តកំពតជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ជាប់មាត់សមុទ្រ បានបង្កើតផលិតផលទេសចរណ៍ថ្មីៗជាច្រើនចាប់តាំងពីឯកឧត្តម ម៉ៅ ធនិន ធ្វើជាអភិបាលខេត្ត ។
ផលិតផលទេសចរណ៍ថ្មីៗដែលទើបបង្កើតឡើងមានដូចជា រូបសំណាកសេះសមុទ្រ, រូបនាឡិកាយក្ស និងសួនបាញ់ទឹករាំចម្រុះពណ៌ជាដើម។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា សម្រាប់ខេត្តនឹងកសាងផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តមាន ២១កន្លែង រួមមាន៖ រមណីយដ្ឋានទឹកឈូ, ណាតាយ៉ា, កែបថ្មី, ឋានសួគ៌បូកគោ, ភ្នំដូង, ភ្នំកំពង់ត្រាច, កោះតាដា, ប្រាសាទភ្នំខ្យង, ប្រាសាទភ្នំឈ្ងោក, ទំនប់ម្លេច, ទំនប់ប្រទាក់ក្រឡា, កោះសេះ, ស្រះឈូក, អន្លង់ក្មេងលេង, វត្តត្រើយកោះ, ភ្នំនាងសេដាឱន, កសិទេសចរណ៍ចម្ការម្រេច, ភ្នំទទុង, ស្ទឹងភេ, ជ្រលងភ្នំក្រហម, និងព្រែកក្តាតអេកូរីស៊ត។
រយៈពេល៨ខែឆ្នាំ២០២៦នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជិត ២លាននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសជិត ៧ម៉ឺននាក់។ នេះបើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបញ្ជាក់៕
ដោយ៖សេង បារាំង






