លោក ត្រាំ បដិសេធប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃ ចន្ទ បានធ្វើការបដិសេធយ៉ាងដាច់អហង្ការ ចំពោះលទ្ធភាពដែលទីក្រុងវ៉ាស៊ីនតោន នឹងអូសអាវុធនុយក្លេអ៊ែរពីឃ្លាំងយកទៅវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ទោះបីជាការចរចាបញ្ចប់សង្គ្រាមជាប់គាំងក៏ដោយ។
នៅពេលត្រូវបានអ្នកកាសែតសួរនាំថាតើលោកនឹងបដិសេធប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់ដែរឬអត់? មេដឹកនាំសហរដ្ឋអាមេរិករូបនេះឆ្លើយតបថា ពួកគេ (សំដៅលើកងកម្លាំងអ៊ីរ៉ង់) ត្រូវបានយោធាអាមេរិកវាយបំបាក់ទាំងស្រុងហើយ… ខ្ញុំពិតជាបានផ្តួលរលំពួកគេ ហើយឥឡូវនេះ តើខ្ញុំគួរតែប្រើអាវុធនុយក្លេអ៊ែរវាយសំពងពីលើពួកគេថែមទៀតឬ? នេះជាសំណួរឆោតល្ងង់ណាស់។
បើតាម Jerusalem Post, លោក Trump បញ្ជាក់ថា លោកធ្លាប់និយាយកាលពីខែមេសាកន្លងទៅថា នឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់ឡើយ ហើយក៏បានធ្លាប់និយាយថា អាវុធនុយក្លេអ៊ែរមិនគួរត្រូវបានអនុញ្ញាតឱ្យប្រើដោយប្រទេស ឬបុគ្គលណាមួយដែរ។
លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ បានអះអាងសារជាថ្មីថា ការទប់ស្កាត់អ៊ីរ៉ង់មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ នៅតែជាគោលដៅសំខាន់បំផុតរបស់សហរដ្ឋអាមេរិក។ លោកថា អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរក្នុងដៃជាដាច់ខាត នោះហើយជារឿងសំខាន់បំផុត។
ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ… វានឹងអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរ មិនត្រឹមតែអ៊ីស្រាអែល និងតំបន់មជ្ឈិមបូព៌ាទាំងមូលនោះទេ តែថែមទាំងទីក្រុងនានារបស់សហរដ្ឋអាមេរិកផងដែរ៕
ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា