ក្រសួងអធិការកិច្ចបានចុះធ្វើអធិការកិច្ច ២ ៨០៧ អង្គភាព និងដោះស្រាយបណ្តឹងបញ្ចប់ ១៨៨ ករណី

រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានបញ្ជាក់ប្រាប់គណៈកម្មការទី១នៃរដ្ឋសភាថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រសួងសម្រេចបានការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ២ ៨០៧ អង្គភាព ក្នុងនោះទទួលពិនិត្យ និងដោះស្រាយបណ្តឹងបានចំនួន ៤៣៥ បណ្តឹង ដោយដោះស្រាយបញ្ចប់រួចរាល់ ១៨៨ បណ្តឹង។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (ឬគណៈកម្មការទី១) នៃរដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម សរ ចំរុង។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យអំពី “វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តនៃវិស័យអធិការកិច្ច ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់ក្រសួងអធិការកិច្ចក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រសួងសម្រេចបានការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ២ ៨០៧ អង្គភាព ក្នុងនោះក្រសួងបានណែនាំឱ្យកែលម្អ ១ ២១៦ អង្គភាព, ទទួលពិនិត្យ និងដោះស្រាយបណ្តឹងបានចំនួន ៤៣៥ បណ្តឹង ដោយដោះស្រាយបញ្ចប់រួចរាល់ ១៨៨ បណ្តឹង។

ជាងនេះទៅទៀត ក្រសួងអធិការកិច្ចបានចុះតាមដានការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងអនុសាសន៍ផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលបាន ៣ ៨៥៣ មុខសញ្ញា, ព្រមទាំងបានចុះអប់រំផ្សព្វផ្សាយច្បាប់ចំនួន ៦០០ លើក ដោយមានអ្នកចូលរួមជាង ១៣ម៉ឺន ៥ពាន់នាក់, ព្រមទាំងរៀបចំវេទិកាសាធារណៈ ៤០ លើក មានអ្នកចូលរួមជាង ៣ម៉ឺននាក់ និងចុះស្ទង់មតិចំនួន ១៦៨ លើក។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ក៏បានបញ្ជាក់អំពីទិសដៅការងារ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ជាពិសេសការជំរុញបញ្ចប់ការរៀបចំឯកសារទស្សនាទាន ដើម្បីសម្រេចបានការរៀបចំ «សេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច» ឱ្យបានឆាប់ក្នុងពេលខាងមុខ។

អង្គប្រជុំទាំងមូល ក៏បានជជែកពិភាក្សា ដោយបានផ្តល់មតិយោបល់យ៉ាងផុសផុស និងស៊ីជម្រៅទៅលើការងារសំខាន់ៗរបស់ក្រសួង ក៏ដូចជាវិស័យអធិការកិច្ចទាំងមូល ព្រមទាំងកិច្ចសហការរវាងអង្គការនីតិប្រតិបត្តិ និងនីតិបញ្ញត្តិឱ្យកាន់តែពេញលេញបន្ថែមទៀត ដើម្បីចូលរួមពង្រឹងវិស័យអធិការកិច្ចនៅកម្ពុជា ក៏ដូចជាការចូលរួមបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕

ads banner