ខេត្តកំពង់ធំរកឃើញអ្នកឆ្លងគ្រុនឈាមជិត ២ ០០០ករណី និងស្លាប់ ៥នាក់
ស្ថានភាពជំងឺគ្រុនឈាមនៅក្នុងខេត្តកំពង់ធំ កំពុងស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់ ដោយអាជ្ញាធរសុខាភិបាលបានរកឃើញអ្នកឆ្លងជិត ២ ០០០ ករណី និងមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ៥ នាក់។
មន្ទីរសុខាភិបាលខេត្តកំពង់ធំ បាន និងកំពុងបន្តយុទ្ធនាការចុះ ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍ អំពីវិធីសាស្ត្រ ទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមយ៉ាងសកម្ម បន្ទាប់ពីស្ថានភាព ជំងឺនេះមានការកើនឡើងគួរឱ្យព្រួយបារម្ភក្នុងរយៈពេលប្រមាណ ២០ថ្ងៃកន្លងមកនេះ។
កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយ លោកវេជ្ជបណ្ឌិត កែ វដារី អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់ដល់ប្រជាពលរដ្ឋនៅភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកភូមិ។
លោកវេជ្ជបណ្ឌិត កែ វដារី បានឱ្យដឹងថា ក្នុងអំឡុងពេលប្រមាណ ២០ថ្ងៃនៃការផ្ទុះរាលដាល មានអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមធ្យមប្រមាណ ៥០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពបានធូរស្រាលបន្តិចវិញ ដោយចំនួនអ្នកជំងឺមកព្យាបាលបានថយចុះមកត្រឹមប្រមាណ ៣០នាក់ក្នុងមួយថ្ងៃ។
លោកវេជ្ជបណ្ឌិតបន្ថែមថា គិតមកទល់ពេលនេះ ខេត្តកំពង់ធំបានកត់ត្រាករណីជំងឺគ្រុនឈាមសរុបចំនួន ១,៨៥០ករណី និងមានអ្នកបាត់បង់ជីវិតគួរឱ្យសោកស្តាយចំនួន ៥នាក់។ ដើម្បីកាត់ផ្តាច់ការរីករាលដាលនេះ មន្ត្រីជំនាញ និងក្រុមការងារកម្មវិធីគ្រុនឈាម នៅតែបន្តបេសកកម្មចុះតាមសហគមន៍។
នៅក្នុងសកម្មភាពចុះអប់រំនៅភូមិស្រយ៉ូវត្បូង ក្រុមការងារបានណែនាំប្រជាពលរដ្ឋពីវិធានការសម្អាតបរិស្ថានជុំវិញផ្ទះ ដាក់ថ្នាំអាបែតក្នុងពាង ឬធុងស្តុកទឹក ព្រមទាំងបានចុះបាញ់ថ្នាំផ្សែងកម្ចាត់មូសខ្លា។ មន្ត្រីសុខាភិបាលបានគូសបញ្ជាក់ថា ការបាញ់ថ្នាំផ្សែងតែមួយមុខមិនអាចទប់ស្កាត់ជំងឺគ្រុនឈាមបានទាំងស្រុងនោះទេ ប៉ុន្តែការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការលុបបំបាត់ប្រភពទឹកដក់ និងកម្ចាត់ដង្កូវទឹក ទើបជាវិធានការគន្លឹះដ៏មានប្រសិទ្ធភាព។
ក្នុងកាលៈទេសៈនេះដែរ លោកវេជ្ជបណ្ឌិត កែ វដារី បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តសហការគ្នាយ៉ាងសកម្មក្នុងការអនុវត្តវិធានការអនាម័យ។ ជាពិសេស ប្រសិនបើសមាជិកគ្រួសារមានអាការៈសង្ស័យ ត្រូវប្រញាប់បញ្ជូនទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា ដោយមិនត្រូវផ្សំថ្នាំព្យាបាលដោយខ្លួនឯងឡើយ។ លោកបានសង្កត់ធ្ងន់ថា ការងារបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ជាកាតព្វកិច្ចរួមគ្នារវាងអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីការពារសុខុមាលភាពក្នុងសហគមន៍ទាំងមូល៕
អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា