មន្ត្រីនគរបាល២នាក់ត្រូវក្រសួងមហាផ្ទៃផ្អាកការងារ ពាក់ព័ន្ធនឹងការយកលុយ៩ពាន់ដុល្លារពីអ្នកដឹកក្រណាត់នៅស្វាយរៀង
ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារមន្ត្រីនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចំនួន២នាក់ រួមទាំងឃាត់ខ្លួនបុគ្គលមួយរូបទៀត ដែលពាក់ព័ន្ធនឹងការយកប្រាក់ចំនួន៩ ០០០ដុល្លារពីម្ចាស់រថយន្តដឹកក្រណាត់ ហើយមានការបែកធ្លាយ វីដេអូអង្គុយរាប់លុយតាមបណ្តាញសង្គម កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។
ក្នុងសេចក្តីសម្រេចចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃពន្យល់ថា មូលហេតុនៃការផ្អាកការងារបណ្តោះអាសន្ននេះ គឺដោយសារមន្រ្តីទាំង២បានល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ សូមបញ្ជាក់ថា មន្រ្តីនគរបាលទាំង២រូបនេះ មានម្នាក់ជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងម្នាក់ទៀតជានាយរងការិយាល័យមួយនេះ។
ចំណាត់ការខាងលើធ្វើឡើងបន្ទាប់ពីពលរដ្ឋជាម្ចាស់រថយន្តដឹកក្រណាត់ បានដាក់ពាក្យបណ្តឹងពាក់ព័ន្ធការឃាត់រថយន្តរបស់ខ្លួនទុកចំនួន២គ្រឿង ដោយគ្មានប្រាប់ពីកំហុស ហើយថែមទាំងបានបង្ខំឱ្យប្រាក់ចំនួន១ម៉ឺនដុល្លារ ជាថ្នូរនឹងការប្រគល់រថយន្តត្រឡប់វិញ ប៉ុន្តែក្រោយការចរចារ តម្លៃនេះបានចុះមកនៅត្រឹម ៩ពាន់ដុល្លារ។
លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា បន្ទាប់ពីផ្អាកការងារមន្ត្រីនគរបាល២រូបនោះ អាជ្ញាធរនឹងបន្តស្រាវជ្រាវស៊ើបអង្កេត ដើម្បីឈានដល់ការដោះស្រាយតាមនីតីវិធី ច្បាប់ជាបន្តទៀត៕
សៅ សុខអេង






