រុស្ស៊ី ចោទ ន័រវេស ធ្វើសកម្មភាពដូចចោរសមុទ្រ ក្រោយរឹបអូសនាវាស្រាវជ្រាវខ្លួន
មូស្គូ ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នៅថ្ងៃ ព្រហស្បតិ៍ បានចោទប្រកាន់ន័រវេសពេញៗមាត់ថា បានធ្វើសកម្មភាពដូចចោរសមុទ្រ ក្រោយអាជ្ញាធរន័រវេសបានរឹបអូសនាវាមួយគ្រឿងរបស់រុស្ស៊ី ។
បើតាម Anadolu, ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីអាជ្ញាធរន័រវែសបានរឹបអូសនាវាស្រាវជ្រាវ Professor Molchanov របស់រុស្ស៊ីនៅតំបន់អាក់ទិក ដើម្បីអនុវត្តតាមសេចក្តីសម្រេចផ្តល់សំណងចំនួន ៤.២២ ពាន់លានដុល្លារ ដល់ក្រុមហ៊ុនថាមពលជាតិអ៊ុយក្រែន Naftogaz ។
ការផ្តល់សំណងនេះ ធ្វើឡើងដើម្បីឆ្លើយតបការដែលរុស្ស៉ីបានរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអ៊ុយក្រែន Naftogaz នៅពេលទីក្រុងមូស្គូកាត់បញ្ចូលតំបន់គ្រីមៀ ចូលជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ ២០១៤ ។
យ៉ាងណា លោកស្រី Zakharova អះអាងថា នេះជាផ្នែកមួយនៃការផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសលោកខាងលិច ចំពោះកិច្ចការសមុទ្រ ។
លោកស្រីថា ជាច្រើនទសវត្សរ៍មកហើយ ច្បាប់សមុទ្រ គឺជាគោលការណ៍ណែនាំនៅក្នុងកិច្ចការសមុទ្រ ។ ប៉ុន្តែពេលនេះ អ្វីៗគ្រប់យ៉ាងត្រូវបានច្របូកច្របូល និងបោះបង់ចោល ហើយពួកគេបានឈានទៅរកសកម្មភាពចោរសមុទ្រយ៉ាងពិតប្រាកដ ។
បន្ថែមលើនេះ លោកស្រី Zakharova បានពណ៌នាអំពីការវិវត្តនេះថា ជារឿងគួរឱ្យតក់ស្លុត និងជាការធ្លាក់ចុះសីលធម៌ ដោយលោកស្រីសង្កត់ធ្ងន់ថា វាបង្ហាញពីការដើរថយក្រោយ ពីបទដ្ឋានអន្តរជាតិដែលត្រូវបានបង្កើតឡើង ។
យោងតាម Straits times, នាវាស្រាវជ្រាវរបស់រុស្ស៊ី នឹងត្រូវឃាត់ទុកនៅក្បែរប្រជុំកោះ Svalbard របស់ន័រវេសជាបណ្តោះអាសន្ន ខណៈភាគីរុស្ស៊ីនិយាយថា ខ្លួននឹងស្វែងរកការដោះលែងនាវានេះតាមផ្លូវច្បាប់ ហើយទាមទារឱ្យធានាសុវត្ថិភាពដល់អ្នកដំណើរ ព្រមទាំងក្រុមនាវិកនៅលើនោះ ៕
ប្រភព ៖ Anadolu និង Straits times ប្រែសម្រួល ៖ ឈឹម ទីណា
