សិង្ហបុរី ចាយ ៤ ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង F-35 ចំនួន ២០ គ្រឿង ពី អាមេរិក
សិង្ហបុរី ៖ ក្រសួងសង្គ្រាមអាមេរិកបញ្ជាក់ថា សិង្ហបុរីបានចំណាយប្រមាណ ៤.០៦ ពាន់លានដុល្លារ ដើម្បីបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ២០គ្រឿង និងឧបករណ៍យោធាពាក់ព័ន្ធ ។
នេះជាលើកដំបូងដែលតម្លៃសរុបនៃកិច្ចព្រមព្រៀងយន្តហោះចម្បាំងបំបាំងកាយ F-35 ត្រូវបានបង្ហាញជាផ្លូវការ ។
បើតាម Straits Times, ក្នុងចំណោមយន្តហោះទាំង ២០គ្រឿង ក្នុងនោះយន្តហោះចម្បាំង F-35B ចំនួន ១២គ្រឿង នឹងឈរជើងជាអចិន្ត្រៃយ៍នៅមូលដ្ឋានទ័ពអាកាស Ebbing Air National Base នៃរដ្ឋ Arkansas សហរដ្ឋអាមេរិក ។
រីឯយន្តហោះចម្បាំង F-35A ចំនួន ៨គ្រឿងទៀត នឹងត្រូវដាក់ឱ្យឈរជើងនៅមូលដ្ឋានទ័ពអាកាស Tengah Air Base ប្រទេសសងិ្ហបុរី ។
ប្រភពឱ្យដឹងថា យន្តហោះចម្បាំង F-35 ដំបូងរបស់សិង្ហបុរី ត្រូវបានរំពឹងថា នឹងប្រគល់ទៅឱ្យមូលដ្ឋានអាកាសរបស់សហរដ្ឋអាមេរិកនៅចុងឆ្នាំ ២០២៦ ខណៈការដាក់ពង្រាយយន្តហោះ F-35 ផ្សេងទៀតនៅសិង្ហបុរី នឹងចាប់ផ្តើមនៅឆ្នាំ ២០២៩ ។
ជាមួយគ្នា ក្រសួងការពារជាតិសិង្ហបុរីក៏ចាប់ផ្តើមរៀបចំមូលដ្ឋានប្រតិបត្តិការសំខាន់សម្រាប់យន្តហោះចម្បាំង F-35A នៅក្នុងប្រទេសផងដែរ ហើយគ្រោងដាក់ដំណើរការមូលដ្ឋាននេះ នៅត្រីមាសទី៤ នៃឆ្នាំ ២០២៩ ។
សូមរម្លឹកថា សិង្ហបុរីបានទិញយន្តហោះចម្បាំង F-35B ចំនួន ៤គ្រឿងដំបូងក្នុងឆ្នាំ ២០១៩ ហើយបានប្រើជម្រើសទិញបន្ថែម ៨គ្រឿងទៀតនៅឆ្នាំ ២០២៣ ។
បន្ទាប់មក សិង្ហបុរីបានសម្រេចទិញយន្តហោះចម្បាំង F-35A ចំនួន ៨គ្រឿងទៀត ដែលធ្វើឱ្យកងយន្តហោះចម្បាំង F-35 សរុបកើនដល់ ២០គ្រឿង ដើម្បីជំនួសយន្តហោះចម្បាំងស៊េរីចាស់ F-16 របស់សិង្ហបុរី ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
