អូម៉ង់ប្រកាសទាត់ចោលកិច្ចព្រមព្រៀងដាក់កុងត្រូលយកថ្លៃនាវាជាមួយអ៊ីរ៉ង់
ម៉ាស្កាត ៖ ប្រទេសអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសបដិសេធកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់លើការប្រមូលថ្លៃសេវារួមគ្នាសម្រាប់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស។ នេះបើតាមកាសែត The New York Post។
សារព័ត៌អាមេរិកមួយនេះបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ក្នុងតំបន់មួយរូប ដោយគេបញ្ជាក់ថា ប្រទេសអូម៉ង់បានបដិសេធសំណើរបស់អ៊ីរ៉ង់ ក្នុងការប្រមូលថ្លៃសេវារួមគ្នាពីនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស។
យោងតាមមន្ត្រីរូបនោះ ដើម្បីជៀសវាងជម្លោះដែលអាចកើតមានជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រទេសអូម៉ង់បានបដិសេធសូម្បីតែគំនិតនៃការបង់ថ្លៃដោយស្ម័គ្រចិត្ត ដែលគ្រោងនឹងប្រើប្រាស់សម្រាប់ធានាសុវត្ថិភាព និងការការពារបរិស្ថាននៅក្នុងច្រកសមុទ្រហ័រមូស។
បើតាម Tass, ការប្រកាសទាត់ចោលនេះ ធ្វើឡើង បន្ទាប់ពី លោក ត្រាំ បានសម្តែងការមិនពេញចិត្តចំពោះសកម្មភាពរបស់ប្រទេសអូម៉ង់ និងបានគំរាមថា នឹង “ទម្លាក់គ្រាប់បែកវាយប្រហារយ៉ាងធ្ងន់ធ្ងរ” មកលើប្រទេសនេះ ប្រសិនបើអូម៉ង់រារាំងដល់ការដោះស្រាយជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
រដ្ឋបាលអាមេរិកយល់ឃើញថា អាជ្ញាធរអូម៉ង់បានយល់ព្រមផ្តល់ការសម្បទានច្រើនពេកនៅក្នុងការចរចាជាមួយអ៊ីរ៉ង់ជុំវិញការគ្រប់គ្រងច្រកសមុទ្រហ័រមូស។ ជាពិសេស ទីក្រុងវ៉ាស៊ីនតោនមិនពេញចិត្តនឹងកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងរួមគ្នារវាងប្រទេសទាំងពីរលើការចេញ-ចូលច្រកសមុទ្រហ័រមូស ក៏ដូចជា ការប្រមូលថ្លៃសេវាឆ្លងកាត់ពីម្ចាស់នាវាផងដែរ៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
