UN ថា បាតុភូតក្តៅ El Nino អាចកើនខ្លាំងបំផុត មិនធ្លាប់មាន ក្នុងពេលរាប់សិបឆ្នាំ
អ.ស.ប ៖ ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា បាតុភូតក្តៅ El Nino ត្រូវបានព្យាករណ៍ថា នឹងមានកម្រិតខ្លាំងបំផុត ចាប់តាំងពីការកត់ត្រាប្រៀបធៀប ដែលបានចាប់ផ្តើមឡើង កាលពី ៤ ទសវត្សរ៍មុន ខណៈដែលប្រធានទីភ្នាក់ងារមួយនេះ បានលើកឡើងថា ពិភពលោកកំពុងស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់នៃអាកាសធាតុដ៏ធ្ងន់ធ្ងរ។
អង្គការឧតុនិយមពិភពលោក ហៅកាត់ WMO បានឱ្យដឹងថា បាតុភូតអាកាសធាតុនេះនឹងក្លាយទៅជា “ខ្លាំងឡើង” នៅប៉ុន្មានខែខាងមុខ ហើយស្ទើរតែប្រាកដណាស់ថា នឹងបន្តកើតមានរហូតដល់ខែកុម្ភៈ។
លោកស្រី Celeste Saulo ប្រធានអង្គការ WMO បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវថា “ប្រសិនបើនិន្នាការនេះនៅតែបន្ត វាអាចនឹងខ្លាំងជាងអ្វីៗទាំងអស់ដែលធ្លាប់មាន ចាប់តាំងពីការតាមដានរបស់យើងបានចាប់ផ្តើម”។
អង្គការ WMO បានបញ្ជាក់ថា El Nino នឹងឈានដល់កម្រិតកំពូលនៅចុងឆ្នាំនេះ ប៉ុន្តែផលប៉ះពាល់ជាបន្តបន្ទាប់របស់វាមកលើអាកាសធាតុនឹងបន្តកើតមានរហូតដល់ឆ្នាំ ២០២៧។
បើតាម AFP, បាតុភូត El Nino បង្កើនសីតុណ្ហភាពផ្ទៃទឹកនៅតំបន់កណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក តាមបណ្តោយខ្សែអេក្វាទ័រ ដែលនាំឱ្យមានការផ្លាស់ប្តូរទូទាំងពិភពលោកទៅលើខ្យល់ សម្ពាធបរិយាកាស និងបរិមាណទឹកភ្លៀង បង្កឲ្យមានហានិភ័យពាក់ព័ន្ធដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និង កម្ដៅដ៏ក្តៅគគុក៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
