លោក Netanyahu ថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងដួលរំលំ ឆាប់ៗនេះ
ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញទំនុកចិត្តលើអ្វីដែលលោកហៅថា «របប សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់» អាចនឹងដួលរលំ ក្នុងពេលឆាប់ៗ ដោយលោកលើកឡើងថា ប្រទេសមួយនេះកំពុងស្ថិតក្នុងស្ថានភាពខ្សោយជាងពេលណាៗទាំងអស់។
លោក Netanyahu បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ជាមួយមេដឹកនាំយោធាអ៊ីស្រាអែលថា «របបនេះកំពុងតែញ័រខ្លួន មិននឹងនរ គឺខ្សោយជាងពេលណាៗទាំងអស់ ហើយកំពុងតស៊ូដើម្បីរស់រានមានជីវិត»។
លោកបានបន្តថា «ខ្ញុំជឿជាក់ថា យើងអាចលុបបំបាត់ការគំរាមកំហែងនេះបានជាស្ថាពរ ពោលគឺការផ្តួលរំលំរបបនេះ។ នោះគឺជាភារកិច្ចចម្បងដែលនៅរង់ចាំយើង ប៉ុន្តែវាជិតសម្រេចបានហើយ។ វាមិនមែនជារឿងដែលមិនអាចទៅរួចនោះទេ។ វាគឺជាអ្វីដែលអាចសម្រេចបាន»។
បន្ទាប់ពីបានចាត់ទុកប្រទេសអ៊ីរ៉ង់ ដែលដឹកនាំដោយក្រុមបព្វជិតសាសនាថា ជាការគំរាមកំហែងដល់អត្ថិភាពរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ, លោក Netanyahu បានដឹកនាំអ៊ីស្រាអែលបើកការវាយប្រហាររួមគ្នា ជាមួយសហរដ្ឋអាមេរិក ប្រឆាំងទៅលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។
ការលើកឡើងដែលថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងដួលរំលំ ក្នុងពេលឆាប់ៗ របស់លោក Netanyahu បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់សម្ពាធសេដ្ឋកិច្ចបន្ថែម និង បានបន្តការវាយប្រហារឡើងវិញ នៅសប្តាហ៍នេះ ដែលជំរុញឱ្យអ៊ីរ៉ង់ធ្វើការវាយប្រហារតបត ទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រ ហ្ស៊កដានី និង តំបន់ស្វយ័ត Kurdistan របស់អ៊ីរ៉ាក់ ប៉ុន្តែ មិនបានវាយប្រហារលើអ៊ីស្រាអែលនោះឡើយ។
ការលើកឡើងរបស់លោក Netanyahu ក៏បានធ្វើឡើង នៅមុនការបោះឆ្នោតសកលក្នុងប្រទេសអ៊ីស្រាអែល នាថ្ងៃទី២៧ ខែតុលា ខណៈដែលមេដឹកនាំគណបក្សប្រឆាំងបានចោទប្រកាន់លោកថា បានបរាជ័យលើបញ្ហាអ៊ីរ៉ង់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
