សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើង និង អ្នកវក់ល្បែងជាង៤០០នាក់ ក្នុងខែសីហា
យុទ្ធនាការមិនបន្ធូរដៃរបស់សមត្ថកិច្ចនៅក្នុងខែសីហាបានបោសសម្អាត និងឃាត់ខ្លួនក្រុមក្មេងទំនើងរួមទាំងអ្នកញៀនល្បែងស៊ីសងខុសច្បាប់បានរហូតដល់ទៅជាង ៤០០នាក់។
កម្លាំងនគរបាលនៅតាមមូលដ្ឋាន ទូទាំងប្រទេស បានល្បាតជាប់ជាប្រចាំដោយរកឃើញនិង ឃាត់ខ្លួន ក្រុមក្មេងទំនើង រួមទាំងអ្នកញៀនល្បែងស៊ីសងខុសច្បាប់សរុបចំនួន ៤១៣នាក់។ តួលេខនេះមានការកើនឡើង ១៣នាក់ បើធៀបនឹងខែ កក្កដាកន្លងទៅ ។ក្នុងខែសីហាដដែល សមត្ថកិច្ចបានកសាងសំណុំ រឿងជនសង្ស័យចំនួន ៣៩៩ នាក់បញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទា ទោសតាមច្បាប់។
យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃនៅថ្ងៃសុក្រទី៤ ខែកញ្ញាបាន ឱ្យដឹងថា ក្នុងចំណោមប្រតិបត្តិការសរុបបទល្មើសក្មេងទំនើងមានចំនួន ៨១ករណីបង្រ្កាបដោយសមត្ថកិច្ច និងឃាត់ខ្លួនបាន ៣៦៤នាក់ បញ្ជូនទៅតុលាការទាំងអស់។ដោយឡែកបទល្មើសល្បែងស៊ីសងខុស ច្បាប់មានចំនួន ២២ករណី ឃាត់ខ្លួនមនុស្ស ៤៩នាក់ ក្នុងនោះ ៣៥ នាក់ ត្រូវបញ្ជូនទៅតុលាការ និង ១៤នាក់ទៀតត្រូវបានអប់រំណែនាំ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។
ប្រតិបត្តិការក្នុងខែសីហា បានគ្របដណ្តប់លើរាជធានី-ខេត្តចំនួន ១៤ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ ក្រចេះ រតនគិរី ឧត្តរមានជ័យ សៀមរាប ពោធិ៍សាត់ ត្បូងឃ្មុំ កំពត កំពង់ចាម និងខេត្តស្វាយរៀង។
យោងតាមផ្លូវច្បាប់ជាធរមាន អ្នកប្រព្រឹត្តបទល្មើសទាំងនេះត្រូវ ប្រឈមមុខនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ។ សម្រាប់អ្នកលេងល្បែង ប្រឈមនឹងការផ្ដន្ទាទោសពិន័យប្រាក់ ឬដាក់ពន្ធនាគារពី ១ថ្ងៃ ដល់ ១ខែ ឬទាំងពីរ រីឯអ្នកបើក និងអ្នកចាត់ចែងវង់ល្បែងវិញ ប្រឈម នឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យប្រាក់ពី ៥លាន ដល់ ២០លានរៀល។
ចំពោះក្រុមក្មេងទំនើង ប្រសិនបើប្រព្រឹត្តបទហិង្សាដោយចេតនា នឹងត្រូវជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៣ឆ្នាំ និងពិន័យប្រាក់ពី ២លាន ដល់ ៦លានរៀល។ ករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា ដូចជាការកាប់បំផ្លាញម៉ូតូ រថយន្ត ឬទ្រព្យសម្បត្តិ សាធារណៈ និងឯកជន ត្រូវជាប់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យប្រាក់ពី ១លាន ដល់ ៤លានរៀល។ លើសពីនេះ ការលាក់ទុក ឬយកតាមខ្លួន នូវអាវុធ កាំបិត ឬដាវកែច្នៃ ក្នុងបំណងបង្កហិង្សា ក៏ត្រូវប្រឈមនឹង ការជាប់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យប្រាក់ដូចគ្នា។
លើសពីនេះទៅទៀត ប្រសិនបើសកម្មភាពដេញកាប់គ្នាបណ្តាល ឱ្យមានមនុស្សស្លាប់ ឬមានចេតនាសម្លាប់ ជនល្មើសនឹងត្រូវចោទ ប្រកាន់ពីបទ «ឃាតកម្ម» ឬ «ប៉ុនប៉ងឃាតកម្ម» ដែលត្រូវ ប្រឈមមុខនឹងការដាក់ពន្ធនាចាប់ពី ១០ឆ្នាំ រហូតដល់ ២០ឆ្នាំ៕
ដោយ៖ទួន សុផល
