អាមេរិក ទាមទារឱ្យ អឺរ៉ុប សងលុយថ្លៃអាវុធបញ្ជូនទៅ អ៊ុយក្រែន ធ្វើសង្គ្រាមជាមួយ រុស្ស៊ី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និយាយថា រដ្ឋាភិបាលសហព័ន្ធនឹងទាមទារឱ្យបណ្តាប្រទេសអឺរ៉ុប សងលុយមកវិញ សម្រាប់ជំនួយគ្រាប់រំសេវ និងសម្ភារៈយោធាបញ្ជូនទៅឱ្យអ៊ុយក្រែនធ្វើសង្គ្រាមជាមួយរុស្ស៊ី ក្នុងអំឡុងអាណត្តិរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ។
លោក Trump បញ្ជាក់តាមបណ្តាញសង្គម Truth Social កាលពីថ្ងៃ ព្រហស្បតិ៍ ថា សហរដ្ឋអាមេរិកបានផ្តល់លុយរាប់រយពាន់លានដុល្លារដល់អ៊ុយក្រែន និងអង្គការណាតូដោយឥតគិតថ្លៃ ដែលអឺរ៉ុបគួរតែជាអ្នកចេញថ្លៃ ប្រសិនបើពួកគេត្រូវបានស្នើសុំ ។ ប៉ុន្តែយើងនឹងទាមទារលុយនោះមកវិញ ទោះបីជាមានការយឺតយ៉ាវបន្តិចក៏ដោយ ។
បើតាម Politico, ការអះអាងបែបនេះរបស់លោក Trump ធ្វើឡើងចំពេលដែលសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការថយចុះស្តុកគ្រាប់រំសេវ និងមីស៊ីលសំណាញ់មេឃ ដោយសារតែសង្គ្រាមអ៊ីរ៉ង់ដែលកំពុងបន្តអូសបន្លាយចូលដល់ខែទី ៧ ហើយ ។
គិតត្រឹមចុងខែកក្កដា កងទ័ពសហរដ្ឋអាមេរិកបានប្រើប្រាស់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ប្រមាណ ១,៥០០ គ្រាប់ ចាប់តាំងពីចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់ ហើយបានបន្សល់ទុកស្តុកតិចជាង ១,០០០ គ្រាប់ប៉ុណ្ណោះ ។ នេះបើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ CSIS ដែលសិក្សាអំពីការអភិវឌ្ឍអាវុធ ។
ជាមួយគ្នានេះ ស្តុកមីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាស THAAD ក៏បានធ្លាក់ចុះពីចំនួន ៤៥២ គ្រាប់ មកនៅក្រោម ៣០០ គ្រាប់ផងដែរ ។ យ៉ាងណា លោក Trump បានបដិសេធសេចក្តីរាយការណ៍ ដែលថា សហរដ្ឋអាមេរិកកំពុងខ្វះគ្រាប់រំសេវ ។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ សង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនមានគ្រាប់រំសេវចាប់ពីកម្រិតមធ្យមដល់កម្រិតខ្ពស់ក្នុងបរិមាណស្ទើរតែគ្មានដែនកំណត់ ដោយលោកបានហៅរបាយការណ៍ទាំងឡាយណា ដែលអះអាងផ្ទុយពីនេះថា ជា «ការក្បត់ជាតិ» ។
បើតាមប្រធានាធិបតីវ័យ ៨០ ឆ្នាំរូបនេះ, ប្រជាជន និងបណ្តាញសារព័ត៌មានដែលនៅតែបន្តប្រកែកថា អាមេរិកគ្មានគ្រាប់រំសេវនោះ គឺពិតជាយល់ខុស ១០០ ភាគរយ ។ លោកថា អ្នកដែលធ្វើបែបនេះ គឺដោយសារតែពួកគេចង់ឃើញសហរដ្ឋអាមេរិកចាញ់សង្គ្រាម ទាំងដែលអាមេរិកកំពុងតែយកឈ្នះសង្គ្រាមមួយនេះយ៉ាងងាយស្រួល ៕
ប្រភព ៖ Politico ប្រែសម្រួល ៖ ឈឹម ទីណា

