កម្ពុជា-កូរ៉េខាងជើង រំលឹកពីចំណងមិត្តភាពជាង ៦ទសវត្សរ៍ ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា និងកូរ៉េខាងជើង បានបញ្ជាក់ជាថ្មីពីមិត្តភាពយូរអង្វែង និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
ពិធីអបអរសាទរខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ត្រូវបានរៀបចំឡើងដោយស្ថានទូតកូរ៉េខាងជើងប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តំណាងរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះលោក ប៉ាក់ ឆុល ជុន (Pak Chol Jun) ភារធារីនៃស្ថានទូតបានលើកឡើងពីមូលដ្ឋានប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងជើង ដែលត្រូវបានកសាងឡើងតាមរយៈទំនាក់ទំនងដ៏ជិតស្និទ្ធរវាងស្ថាបនិកសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺអតីតប្រធានាធិបតី គីម អ៊ីល ស៊ុង និងព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
លោកបានលើកឡើងថា មិត្តភាពរវាងប្រទេសទាំងពីរ ដែលបានចាក់ឫសគល់យ៉ាងរឹងមាំលើមូលដ្ឋានទំនាក់ទំនងដ៏ជិតស្និទ្ធរវាងមេដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ បានអភិវឌ្ឍយ៉ាងល្អប្រសើរអស់រយៈពេលជាង ៦ ទសវត្សរ៍មកហើយ។
លោក ប៉ាក់ ឆុល ជុន បានបញ្ជាក់ទៀតថា កូរ៉េខាងជើងនឹងបន្តថែរក្សាទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងប្រពៃណីជាមួយកម្ពុជា ព្រមទាំងខិតខំពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយលើគ្រប់វិស័យ។ លោកសង្កត់ធ្ងន់ថា កូរ៉េខាងជើងនឹងបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេសដែលគោរពអធិបតេយ្យភាពរបស់ខ្លួន និងគាំទ្រសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។
ដោយឡែក ក្នុងនាមរាជរដ្ឋាភិបាល, ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងការអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
ឯកឧត្តម បានបង្ហាញទំនុកចិត្តថា ទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងកម្ពុជា និងកូរ៉េខាងជើង នឹងត្រូវបានពង្រឹង និងលើកកម្ពស់បន្ថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៃប្រទេសទាំងពីរ។
សម្រាប់ឯកឧត្តម ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ បានក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រជាជន និងប្រជាជន។
សូមបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤៨ នៅលើឧបទ្វីបកូរ៉េ៕



ដោយ៖ង៉ាន់ ទិត្យ
រូប៖រិន រចនា