ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក ប្រកាសបន្តផ្អាកជើងហោះហើរ យន្តហោះ Boeing 737 MAX 8

សហរដ្ឋអាម៉េរិក៖ ស្របពេលដែលអាជ្ញាធរអាកាសចរណ៍អាម៉េរិក នៅតែមិនទាន់ផ្តល់ការអនុញ្ញាតឲ្យធ្វើប្រតិបត្តិការដូចដើមវិញនោះ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានប្រកាសឲ្យដឹងពីការសម្រេចបន្តផ្អាកជើងហោះហើររបស់ Boeing 737 MAX 8 រហូតដល់ដើមខែមិថុនាខាងមុខ។

សូមរំលឹកថា កាលពីពាក់កណ្តាលខែមីនាកន្លងទៅ អាជ្ញាធរអាកាសចរណ៍អាម៉េរិក FAA បានបង្គាប់ឲ្យបញ្ឈរជើងយន្តហោះ Boeing 737 MAX ទាំងអស់ ក្រោយពី 737 MAX 8 សរុបពីរគ្រឿងបានធ្លាក់ មួយគ្រឿងនៅឥណ្ឌូណេស៊ី និងមួយគ្រឿងទៀតនៅអេត្យូពី ក្នុងចន្លោះពេលមិនដល់កន្លះឆ្នាំពីគ្នាឡើយ ហើយបានផ្តាច់ជីវិតមនុស្សសរុបជាង៣០០នាក់។

បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកខាងលើនេះ ជាកិច្ចខិតខំមួយដើម្បីធានាឲ្យបាននូវភាពជាក់លាក់បន្ថែម ហើយជៀសវាងការខកជើងហោះហើរនៅពេលជិតចេញដំណើរ ក្រុមហ៊ុនបានសម្រេចបន្តការផ្អាកជើងហោះហើររបស់ 737 MAX 8 រហូតដល់ថ្ងៃទី០៥ ខែមិថុនា ខណៈក្រុមហ៊ុននេះ មានយន្តហោះ Boeing 737 MAX 8 ចំនួន២៤គ្រឿង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner