រុស្ស៊ី និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទុនបម្រុងប្រេងយុទ្ធសាស្រ្ត
មូស្គូ ៖ ក្រុមហ៊ុនរដ្ឋ Zarubezhneft របស់រុស្ស៊ី និង Petrovietnam របស់វៀតណាម កាលពីថ្ងៃ ពុធ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបង្កើតទុនបម្រុងប្រេងយុទ្ធសាស្ត្រនៅលើទឹកដីប្រទេសវៀតណាម ។
កិច្ចព្រមព្រៀងថាមពលរវាងទីក្រុងមូស្គូ និងហាណូយនេះ បានបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរ ក្នុងអំឡុងដំណើរទស្សនរបស់ប្រធានាធិបតីវៀតណាម លោក តូ ឡាំ មកកាន់ទីក្រុងមូស្គូ។
ទស្សនកិច្ចរបស់លោក តូ ឡាំ កើតឡើងចំពេលដែលវិស័យប្រេងរបស់រុស្ស៊ីកំពុងប្រឈមមុខនឹងសម្ពាធ ដោយសារអ៊ុយក្រែនសម្រុកវាយប្រហារយ៉ាងខ្លាំងក្លាទៅលើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីនៅក្នុងឆ្នាំនេះ។
បើតាម Kyiv post, ក្នុងជំនួបជាមួយមេដឹកនាំវៀតណាម លោកប្រធានាធិបតី ពូទីន បញ្ជាក់ថា ជំហររបស់រុស្ស៊ី និងវៀតណាមលើបញ្ហាតំបន់ និងអន្តរជាតិភាគច្រើនស្របគ្នា ហើយប្រទេសទាំងពីរគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
លោកថា វិមានក្រឹមឡាំងកំពុងពិចារណាអនុញ្ញាតឱ្យពលរដ្ឋវៀតណាម ធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ី ដោយមិនចាំបាច់មានទិដ្ឋាការនាពេលអនាគតដ៏ខ្លី។ ប៉ុន្តែលោកមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ។
យោងតាមការលើកឡើងរបស់លោក ពូទីន, ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងវៀតណាមកើនឡើងជិត ៦% ក្នុងឆ្នាំ ២០២៥ ហើយសន្ទុះកំណើននេះបានបន្តកើនឡើងខ្លាំងនៅឆមាសទី១ ឆ្នាំ២០២៦។
ចំណែកខាងភាគីវៀតណាមវិញ រំពឹងថា នឹងមានការរីកចម្រើនសំខាន់ៗ ក្នុងកិច្ចសហប្រតិបត្តិការប្រេង ឧស្ម័ន និងថាមពលនុយក្លេអ៊ែរជាមួយរុស្ស៊ី។
យោងតាម The Moscow Times, រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់អាវុធកំពូលរបស់វៀតណាម ខណៈទីក្រុងហាណូយកំពុងព្យាយាមធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ឧបករណ៍យោធារបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើប្រភពតែមួយ៕

ប្រភព ៖ Kyiv post និង The Moscow Times ប្រែសម្រួល ៖ ឈឹម ទីណា