អ៊ីរ៉ង់ព្រមានឆ្លើយតបនឹងសហរដ្ឋអាម៉េរិក ក្រោយចោទប្រកាន់ថា កងកម្លាំងឆ្មាំបដិវត្តន៍ខ្លួនជាក្រុមភេរវករ
អ៊ីរ៉ង់៖ ក្រុមមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់បានព្រមានប្រឆាំងនឹងសហរដ្ឋអាម៉េរិក ដោយជំរុញឲ្យមានការផ្លាស់ប្តូរពាក្យចោទប្រកាន់ដែលកំណត់ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ជាក្រុមភេរវករ ហើយថា ពួកគេនឹងធ្វើការឆ្លើយតបវិញផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ចាហ្វាដ ហ្ស៊ារីស បាននិយាយថា អ៊ីស្រាអែលកំពុងព្យាយាមអូសទាញសហរដ្ឋអាម៉េរិក ចូលទៅក្នុងសង្គ្រាមលោកហើយ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា នឹងធ្វើការសម្រេចចិត្តមួយនៅថ្ងៃចន្ទនេះ។ យ៉ាងណាមិញប្រមុខការទូតអ៊ីរ៉ង់មិនបានបញ្ជាក់លម្អិតថាតើការសម្រេចចិត្តនោះជាអ្វីនៅឡើយទេ។
សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការមិនធ្លាប់មានកាលពីពេលមុន ដែលដឹកនាំដោយក្រសួងការបរទេស ទទួលស្គាល់ការពិតថា អ៊ីរ៉ង់មិនត្រឹមតែជារដ្ឋគាំទ្រភេរវកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែកងកម្លាំងការពារបដិវត្តន៍របស់អ៊ីរ៉ង់ ឬ IRGC បានចូលរួមយ៉ាងសកម្មក្នុងផ្នែកហិរញ្ញវត្ថុ និងផ្សព្វផ្សាយភេរវកម្មដែលជាឧបករណ៍ និងល្បិចកលខាងនយោបាយ៕ធ.ដ