ស៊ីម៉ាក់ ៖ ៥០១គោលដៅលើតួប្រាសាទព្រះវិហារទទួលរងការទម្លាក់គ្រាប់ និងបាញ់ប្រហារពីយោធាថៃ
ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះថា អង្គភាព CMAC បានធ្វើការស្រាវជ្រាវព័ត៌មាន និងពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ ហើយបានរកឃើញថា ទាហានថៃបានទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅលើតួប្រាសាទព្រះវិហារ ដែលបង្កឱ្យខូចខាតប្រាសាទចំនួនជាង ៥៦០កន្លែង។
អគ្គនាយក CMAC បានអរគុណចំពោះអង្គការ UNESCO និង ICOMOS ដែលបានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត។ សម្រាប់អគ្គនាយក CMAC សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរ និងជាសម្បតិ្តបេតិកភណ្ឌពិភពលោកត្រូវបានលាតត្រដាងជាបណ្តើរៗហើយ។
បើតាមឯកឧត្តម ហេង រតនា ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារពីយោធាថៃនេះ គឺមានផែនការយុទ្ធសាស្ត្រ យុទ្ធវិធី ការសម្របសម្រួល និងដឹកនាំបញ្ជាការយ៉ាងច្បាស់លាស់ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក។
អគ្គនាយក CMAC សង្ឃឹមយ៉ាងមុតមាំថា យុត្តិធម៌ពិតនឹងមានចំពោះប្រាសាទព្រះវិហារ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត ព្រមទាំងទទួលបណ្តាសារបស់ដូនតាបុព្វបុរសខ្មែរដែលជាអ្នកកសាងប្រាសាទព្រះវិហារសម្រាប់មរតកមនុស្សជាតិ។
សូមបញ្ជាក់ថា ក្រុមបេសកកម្មអន្តរជាតិមកពីអង្គការ UNESCO និងក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និងរមណីយដ្ឋាន (ICOMOS) បានរកឃើញថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ធ្វើឱ្យខូចខាតតំបន់ប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរចំនួន ៥៦២កន្លែង បណ្តាលមកពីការបាញ់ប្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់របស់យោធាថៃពីលើអាកាសដោយយន្តហោះ F-16។
ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយយូណេស្កូ នៅថ្ងៃទី០៧ កក្កដាឆ្នាំ២០០៨។ ក្រុមបេសកកម្មអន្តរជាតិខាងលើ បានវាយតម្លៃថា ប្រាសាទព្រះវិហារស្ថិតក្រោមកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការប្រតិបត្តិការគាំទ្រដល់ការអភិរក្សជាបន្ទាន់៕


សេង បារាំង AMS