ថៃ រារាំងពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារជាង៦០០គ្រួសារមិនឱ្យវិលត្រឡប់ទៅលំនៅឋានវិញ
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ជនភៀសសឹកនៅខេត្តព្រះវិហារចំនួន ៩៧ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈ ៣ភាគរយ ដែលស្មើនឹងចំនួន ៦៤៥គ្រួសារទៀតមិនទាន់អាចត្រឡប់ទៅវិញបានឡើយ ដោយសារទីតាំងទាំងនោះស្ថិតក្រោមការគ្រប់គ្រងដោយខុសច្បាប់ពីយោធាថៃ និងជាតំបន់ដែលរងហានិភ័យខ្ពស់ពីសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ឯកឧត្តមអភិបាលខេត្ត ថែ្លងបញ្ជាក់ដូច្នេះនៅក្នុង កិច្ចពិភាក្សាតុមូល ស្ដីពីស្ថានភាពគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដោយក្លឹបអ្នកកាសែតកម្ពុជា។
ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា ក្នុងពេលដែលពលរដ្ឋភៀសសឹកមិនទាន់អាចវិលត្រឡប់ទៅរស់នៅក្នុងភូមិស្ថានរបស់ពួកគាត់វិញបាន រាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ជម្រកបណ្តោះអាសន្នចំនួន ៦៤៥ខ្នងជូនពួកគាត់រស់នៅនៅក្នុងភូមិតាកឹងបៃតង ដែលមានចម្ងាយ៦០គីឡូម៉ែត្រពីព្រំដែន។ ក្នុងនោះ មានការរៀបចំជាផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល សាលារៀនមេត្តយ្យ សាលារៀនអនុវិទ្យាល័យ និងសាលារៀនវិទ្យាល័យ។
ក្រៅពីផ្តល់ជម្រកស្នាក់នៅសមរម្យដល់ពលរដ្ឋភៀសសឹក រាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងយកចិត្តទុកដាក់លើការស្តារជីវភាពប្រជាពលរដ្ឋឡើងវិញ តាមរយៈការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងការធានាសុវត្ថិភាពក្នុងការវិលត្រឡប់ទៅលំនៅឋានដើមរបស់ពលរដ្ឋ។ អាជ្ញាធរក៏បានជួយ ស្តារវិស័យកសិកម្ម បង្កើតឱកាសការងារ គាំទ្រសហគ្រាសក្នុងស្រុក និងទាក់ទាញវិនិយោគិនថ្មីៗមកកាន់តំបន់រងផលប៉ះពាល់ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាជន។
ក្នុងសង្គ្រាមតាមព្រំដែនទាំង២លើកនេះ ភាគីថៃបានបំផ្លិចបំផ្លាញផ្ទះពលរដ្ឋក្នុងខេត្តព្រះវិហារសរុបចំនួន ៧៦៥ខ្នង ក្នុងនោះផ្ទះ១៣៥ខ្នង រងការខូចខាតធ្ងន់ធ្ងរ។ ជាមួយគ្នានេះ យោធាថៃ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាមចំនួន៤ សាលារៀន២កន្លែង មណ្ឌលសុខភាព២កន្លែង អាគារសាធារណៈ១០កន្លែង ផ្លូវចំនួន៤៦កន្លែង និងសណ្ឋាគារ ផ្ទះសំណាក់៤កន្លែង ហើយទន្ទ្រាន និងគ្រប់គ្រងខុសច្បាប់នូវផ្នែកខ្លះនៃតំបន់ភ្នំទ្រព្យ ជាំតែ បុស្បូវ និងអានសេះ៕

សៅ សុខអេង