ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ស្អែកនេះ
នៅថ្ងៃសុក្រទី១១ ខែកញ្ញាស្អែកនេះ ប្រធានាធិបតីនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ាឯកឧត្តម មីន អោង ឡាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ តបតាមសេចក្តីអញ្ជើញរបស់ ព្រះករុណាព្រះមហាក្សត្រកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្នុងអំឡុង ឯកឧត្តមប្រធានាធិបតីមានវត្តមាននៅកម្ពុជា ឯកឧត្តមនឹងមានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ហើយក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពី ការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម។
ជាមួយគ្នានេះឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាងប្រទេស និងប្រជាជនទាំងពីរ។
សូមជម្រាបថា ក្នុងអាស៊ាន មុនពេលអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា បានបំពេញទស្សនកិច្ចនៅប្រទេសឡាវ វៀតណាម និង ថៃ ។ឯកឧត្តម មីន អោង ឡាំង បានកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីខែមេសា ឆ្នាំ២០២៦បន្ទាប់ពីការបោះឆ្នោត ៕
ដោយ៖សៅ សុខអេង

