អាម៉េរិក សម្លឹងឃើញឱកាសវិនិយោគលើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម នៅកម្ពុជា
គណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិក-កម្ពុជា (ACBC) បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗចំនួន ៣ នៅកម្ពុជា រួមមាន វិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម សំដៅជំរុញការតភ្ជាប់រវាងវិនិយោគិននៃប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែធំថែមទៀត។
ក្នុងឱកាសដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិក-កម្ពុជា (ACBC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន ACBC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបពិភាក្សាអំពីគោលបំណងនៃដំណើរទស្សនកិច្ចធុរកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
លោកស្រីប្រធាន ACBC បានជម្រាបសម្ដេចធិបតីនាយករដ្ឋមន្រ្តីថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានចុះទៅដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសម្រួល និងការចែករំលែកព័ត៌មានស៊ីជម្រៅអំពីសក្តានុពលកម្ពុជា។ ជាពិសេស បណ្តាក្រុមហ៊ុនជាសមាជិក ACBC បានសម្លឹងឃើញឱកាសវិនិយោគច្បាស់លាស់លើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ឱ្យកាន់តែស្អិតរមួត ព្រោះប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។
សម្តេចធិបតីបានបង្ហាញក្តីរំពឹងថា នៅថ្ងៃអនាគត ផលិតផលកម្ពុជានឹងមានវត្តមានកាន់តែច្រើននៅលើទីផ្សារអាម៉េរិក។ សម្តេចធិបតី ក៏បានបញ្ជាក់ជូនភ្ញៀវ ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យទៅជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ និងមានបំណងជំរុញការតភ្ជាប់រវាងកំពង់ផែនេះ ជាមួយបណ្តាកំពង់ផែសំខាន់ៗរបស់សហរដ្ឋអាម៉េរិកផងដែរ។
គួរបញ្ជាក់ថា អាម៉េរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ ។
យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាម៉េរិក សម្រេចបានជាង ១១ពាន់លានដុល្លារ ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៦នេះ ពោលបានកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជាទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ៕ ដោយ៖ស៊ូ វណ្ណលុក








