ប្រធានាធិបតីប៉ាឡេស្ទីន ព្រមានពីការកើនឡើង “ដ៏គ្រោះថ្នាក់” នៃសកម្មភាពយោធារបស់ អ៊ីស្រាអែល
រ៉ាម៉ាឡា ៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅថ្ងៃ ព្រហស្បតិ៍ ព្រមានធ្ងន់ថា ប្រជាជនប៉ាឡេស្ទីនកំពុងប្រឈមមុខនឹងការកើនឡើងដ៏គ្រោះថ្នាក់ នៃសកម្មភាពនយោបាយ និងយោធារបស់រដ្ឋាភិបាលអ៊ីស្រាអែល។
មេដឹកនាំប៉ាឡេស្ទីនរូបនេះ អំឡុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាបដិវត្តន៍នៃចលនារំដោះប្រជាជាតិប៉ាឡេស្ទីន បានអះអាងថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank រួមទាំងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត កំពុងប្រឈមមុខនឹងវិធានការដ៏តឹងរ៉ឹងពីសំណាក់រដ្ឋាភិបាលអ៊ីស្រាអែល។
ក្នុងនោះរួមមានការពង្រីកតំបន់តាំងទីលំនៅថ្មី, អំពើហិង្សារបស់អ៊ីស្រាអែល, ការរឹបអូសដីធ្លី ការរុះរើផ្ទះសម្បែង និងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យយោធាបន្ថែម ដែលរាំងស្ទះដល់ការធ្វើដំណើររវាងទីក្រុង និងភូមិ ព្រមទាំងប៉ះពាល់ដល់ជីវភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រជាជន។
បន្ថែមលើនេះ លោកប្រធានាធិបតី Abbas ក៏បានចោទប្រកាន់អ៊ីស្រាអែលពេញៗមាត់ថា កំពុងឃាត់ទុកលុយរបស់ប៉ាឡេស្ទីនជាង ៦ ពាន់លានដុល្លារ ដោយលោកចាត់ទុកថា វាជាផ្នែកមួយនៃគោលនយោបាយដែលមានគោលដៅធ្វើឱ្យប្រជាជនប៉ាឡេស្ទីនចុះខ្សោយ និងជំរុញឱ្យពួកគេចាកចេញពីទឹកដីកំណើតរបស់ខ្លួន។
យោងតាមអាជ្ញាធរប៉ាឡេស្ទីន, តំបន់ West Bank បានជួបប្រទះការកើនឡើងប្រតិបត្តិការយោធា និងអំពើហិង្សា ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣។
ក្នុងនោះ ប្រជាជនអ៊ីស្រាអែលប្រមាណ ៧៥០,០០០នាក់ កំពុងរស់នៅក្នុងតំបន់តាំងទីលំនៅចំនួន ១៥៦កន្លែង និងទីតាំងតាំងទីលំនៅចំនួន ៣៦០កន្លែងនៅតំបន់ West Bank រួមទាំងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត។
ភាគីប៉ាឡេស្ទីនព្រមានថា ប្រតិបត្តិការរបស់អ៊ីស្រាអែល និងអំពើហិង្សារបស់អ្នកតាំងទីលំនៅ អាចបើកផ្លូវទៅរកការបញ្ចូលតំបន់ West Bank ជាផ្លូវការទៅក្នុងទឹកដីរបស់អ៊ីស្រាអែល ដែលអាចប៉ះពាល់ដល់ការបង្កើតរដ្ឋប៉ាឡេស្ទីន តាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា


