អ៊ុយក្រែន ថា កាណាដា នឹងចូលរួមគម្រោងអភិវឌ្ឍប្រព័ន្ធខែលប្រឆាំងមីស៊ីលផ្លោង របស់ អឺរ៉ុប
អូតាវ៉ា ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃ ព្រហស្បតិ៍ ប្រកាសថា ប្រទេសកាណាដានឹងចូលរួមគម្រោងអភិវឌ្ឍប្រព័ន្ធខែលប្រឆាំងមីស៊ីលផ្លោង FREYJA របស់អឺរ៉ុប និងផ្តល់មីស៊ីលសំណាញ់មេឃមានតម្លៃប្រហែល ២៥៣ លានដុល្លារដល់អ៊ុយក្រែន។
លោក ហ្សេលេនស្គី អះអាងបែបនេះ ក្រោយជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី នៅទីក្រុង កាល់ហ្គារី ដោយផ្តោតលើការគាំទ្រអ៊ុយក្រែនក្នុងរដូវរងា វិស័យថាមពល ប្រព័ន្ធខែលការពារដែនអាកាស កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងគម្រោងអភិវឌ្ឍសេដ្ឋកិច្ច។
លោក ហ្សេលេនស្គី បញ្ជាក់ថា អ៊ុយក្រែន និងកាណាដាកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងដាច់ដោយឡែកមួយ ពាក់ព័ន្ធនឹងយន្តហោះដ្រូន ស្របពេលដែលភាគីទាំងពីរក៏បានពិភាក្សាអំពីគម្រោងការពារជាតិ និងសេដ្ឋកិច្ចនាពេលអនាគត។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ សង្កត់ធ្ងន់ថា កាណាដាក៏កំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មី ដែលមានគោលបំណងធ្វើឱ្យរុស្ស៊ីកាន់តែពិបាក ក្នុងការផលិតមីស៊ីលផោ្លងផងដែរ។
យោងតាមការលើកឡើងរបស់លោក ហ្សេលេនស្គី, ប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីភាពជាដៃគូរយៈពេល ១០០ឆ្នាំ ខណៈកិច្ចព្រមព្រៀងនានា ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ មានតម្លៃសរុបជាង ២ ពាន់លានដុល្លារ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា