ប្រធានាធិបតីមីយ៉ាន់ម៉ា មកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ
តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing)ប្រធានាធិបតី នៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញមកដល់កម្ពុជានៅព្រឹកថ្ងៃសុក្រនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញាឆ្នាំ២០២៦។
ជាប្រទេសទី៤នៅក្នុងអាស៊ានបន្ទាប់ពីប្រទេសឡាវ វៀតណាម និង ថៃ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម មីន អោង ឡាំង នឹងមានជំនួបកំពូលជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពី ការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម។

ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជាផងដែរ។
ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាងប្រទេស និងប្រជាជនទាំងពីរ។
សូមជម្រាបថា ឯកឧត្តម មីន អោង ឡាំង វ័យ៧០ឆ្នាំបានក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ាកាលពីខែមេសា ឆ្នាំ២០២៦បន្ទាប់ពីការបោះឆ្នោត ៕











ដោយ៖ស៊ូ វណ្ណលុក